ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការ ជើងគោក បានតបទៅនឹងក្រុម អគតិ បង្កើតព័ត៍មានក្លែងក្លាយ មកលើរូបលោកផ្ទាល់ថា មិមចេះ មើលកាលៈទេសៈ គ្រាកម្ពុជា និងពិភពលោក ទាំង រួមគ្នាទប់ស្កាត់ ប្រឆាំងការរីករាលដាល កូវីដ-១៩។
តាមបណ្តាញសង្គម តេឡេក្រាម នៅថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០២០ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា “ខ្ញុំបានឃើញព័ត៌មាននេះបង្ហោះ ប៉ុន្មានថ្ងៃមកហើយ ប៉ុន្តែខ្ញុំមិន ចាប់អារម្មណ៍ក្នុងការឆ្លើយតបទៅវិញទេព្រោះវា មិនមែនជាកិច្ច ការសំខាន់។ អ្វីដែលជាកិច្ចការ សំខាន់ចំពោះមុខ ហើយដែលខ្ញុំបានជាប់រវល់ បំពេញកិច្ចការ នាពេលនេះ គឺការចូលជាមួយស្ថាប័ននិងអជ្ញាធរពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដើម្បីរួមដៃគ្នា ជួយបង្កានិង ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩…”។
លោក បន្តថា “ទោះបីខ្ញុំមិនខ្វល់ជាមួយ ពត៌មានក្លែងក្លាយនេះ ក៏ដោយ ប៉ុន្តែខ្ញុំសូមជូនយោបល់ទៅអោយអស់លោកដែលតែងតែប្រឌិតរឿង មិនចេះចប់ សូមអោយយល់ ពីកាលៈទេសៈខ្លះផង។ ពេលនេះជាពេលដែលប្រទេសជាតិ និងប្រជាជនខ្មែរទាំងមូល ត្រូវរួមសាមគ្គីគ្នាដើម្បីបង្កានិងទប់ស្កាត់ ជាមួយជំងឺដ៏កាចសាហាវ ដែលបានប៉ះពាល់ ដល់ប្រជាជន ខ្មែរទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជា ប្រជាពលរដ្ឋ នៅលើសកលលោក មិនមែនជាពេល ដែលត្រូវរកវិធីញុះញង់ បំបែកបំបាក់គ្នានោះទេ”៕