កណ្តាល ៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល បានដឹកនាំកម្លាំងឆ្លងសាឡាង ទាំងយប់បន្ទាប់ពីទទួល សេចក្តីរាយការណ៍ថា មានករណីបុរសម្នាក់ បានស្លាប់នៅក្នុងថ្លុកឈាម ដោយសារជនដៃដល់ជាបងថ្លៃ បានបាញ់សម្លាប់កាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅផ្ទះឪពុកជនរងគ្រោះ នៅក្នុងភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ។
លោកស្នងការខេត្តកណ្តាល បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ម៉ៅ ប៊ុនហេង ប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ ។ ចំណែកជនសង្ស័យមានឈ្មោះ សែន រ៉ានុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលបាក់ខែង បានរត់គេចខ្លួនបាត់។ ដោយប្រពន្ធជនសង្ស័យ និងជនរងគ្រោះ ជាបងប្អូនបង្កើតនឹងគ្នា។
បន្ទាប់ពីមានករណីនេះកើតឡើងភ្លាម លោកស្នងការ បានដឹកនាំកម្លាំងជំនាញ ចុះពិនិត្យកន្លែងកើតហេតុផ្ទាល់ និងស្វែងរកចាប់ជនដៃ ដល់មកផ្តន្ទាទោសតាមច្បាប់ ៕