ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា លើកយកបញ្ហាបិទព្រំដែន ជាឯកតោភាគី មកពិភាក្សាជាមួយមេដឹកនាំអាស៊ាន

ភ្នំពេញ៖ ក្នុងសន្ទុរកថាថ្លែងទៅកាន់ បណ្តាមេដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពី កូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នាព្រឹកថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បាន​លើកឡើងនូវបញ្ហានៃ ការបិទព្រំដែនជាឯកតោភាគី ពីសំណាក់ប្រទេសជាសមាជិក ក្នុងស្ថាន​ការណ៍នៃការផ្ទុះឡើងនូវជំងឺកូវីដ-១៩នេះ។ នេះបើយោងតាម AKP ។

សម្តេចតេជោនាយករដ្ឋមន្រ្ដី បានចាត់ទុកទង្វើនេះ គឺធ្វើឱ្យប៉ះពាល់ដល់សង្វាក់ផលិតកម្ម ក៏ដូចជាលំហូរពាណិជ្ជកម្ម រវាងប្រទេសក្នុងតំបន់ និងសេដ្ឋកិច្ចតំបន់ទាំងមូល។ ពាក់ព័ន្ធ​នឹងបញ្ហានេះដែរ កាលពីពេលកន្លងទៅនេះ រដ្ឋាភិបាលនៃប្រទេសវៀតណាម បានចាត់វិធាន​ការ​បិទច្រកព្រំដែន ជាឯកតោភាគីជាមួយកម្ពុជា ដែលបង្កឱ្យ​មានការលំបាក សម្រាប់ការធ្វើ​ពាណិជ្ជកម្ម និងការធ្វើដំណើររបស់ ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ ទន្ទឹមនេះ ចំណាត់ការ​របស់​រដ្ឋាភិបាលវៀតណាមនេះ គឺធ្វើឡើងក្រោមហេតុផល នៃការបង្ការទប់ស្កាត់ ការរីករាល​ដាលនៃជំងឺកូវីដ-១៩ ដោយមិនបានជូនដំណឹង ជាមុនដល់ភាគីកម្ពុជា។

សម្ដេចតេជោបានសង្កត់ធ្ងន់ថា អាស៊ានដែលជាសមាគមន៍មានវាសនារួមគ្នា គប្បីត្រូវ​លើកកម្ពស់ការសម្របសម្រួល និងកិច្ចសន្ទនាឱ្យកាន់តែជិតស្និទ្ធ ចំពោះការដាក់ចេញ​នូវវិធាន​ការផ្សេងៗ ដើម្បីបញ្ជៀសនូវផលប៉ះពាល់ ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច សង្គម នៅក្នុងតំបន់ ស្រប​ពេល​ដែលពិភពលោកបាននឹងកំពុង ជួបប្រទះនូវបញ្ហាផ្ទុះឡើងនូវជំងឺកូវីដ-១៩នេះ។

សម្ដេច​តេជោ​បានគូសបញ្ជាក់ថា ការចាត់វិធានការជាឯកតោភាគី ដូចជា ការបិទច្រកឆ្លងកាត់ព្រំដែន​ដោយ មិនបានជូនដំណឹងជាមុន អាចបង្កការប៉ះពាល់ ដល់ការផ្តត់ផ្គង់ផលិតកម្ម និងលំហូរ​ពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ និងសេដ្ឋកិច្ចតំបន់ទាំងមូល ជាពិសេសការប៉ះពាល់​ដល់​ជីវភាព របស់ប្រជាពលរដ្ឋនៃ ប្រទេសជិតខាងផងដែរ ៕

To Top