ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការចាក់ផ្សាយកម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក នឹងចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ស្អែកនេះតទៅ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នៅថ្ងៃទី១៩ មេសា នេះថា ការចាក់ផ្សាយដំណើរការនេះតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយភាពជោគជ័យនេះ កើតចេញពីកម្លាំងរួមគ្នាបំពេញភារកិច្ច រវាងក្រុមជំនាញក្រសួងព័ត៌មាន តេជោឌីធីវី ជាមួយក្រុមជំនាញក្រសួងអប់រំ យុវជន និងកីឡា លើកិច្ចសហប្រតិបត្តិការកម្មវិធីខាងលើ។
ក្រសួងអប់រំ បន្ដថា មុនដំណើរការកម្មវិធីចាក់ផ្សាយនាថ្ងៃស្អែកនេះ ក្រុមការងារបច្ចេកទេសអន្តរក្រសួង បានរៀបចំកិច្ចប្រជុំពិភាក្សាការងារ ក្រោមការដឹកនាំរបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីពិនិត្យ និងសម្រេចលើចំណុចផ្សេងៗ ព្រមទាំងធ្វើទស្សនកិច្ច នៅក្នុងបន្ទប់ស្ទូឌីយោនៃទូរទស្សន៍តេជោឌីធីវី ដើម្បីធានាបានថាការចាក់ផ្សាយនាថ្ងៃស្អែកនេះ ដំណើរទៅដោយភាពរលូន បម្រើដល់តម្រូវការរបស់សិស្សានុសិស្ស។
ក្រសួងអប់រំ រៀបរាប់ថា សិស្សានុសិស្ស អាចទស្សនាវីដេអូបង្រៀនតាមរយៈ មានដូចជា៖
១. ទូរទស្សន៍ជាតិកម្ពុជាទី២ ឬ TVK2 ដែលជាប៉ុស្តិ៍ទូរទស្សន៍ទើបបង្កើតថ្មី សម្រាប់ការអប់រំ។
២. ការបញ្ជូនបន្តដោយថាសផ្កាយរណបតេជោ TV ឬ Dtv ប៉ុស្តិ៍លេខ២២ ទៅកាន់តំបន់ជនបទ។
៣. ប៉ុស្តិ៍ទូរទស្សន៍ខ្សែកាបថ្មី ដែលទើបបង្កើតនៅគ្រប់ខេត្ត-រាជធានី និងតំបន់ទីប្រជុំជន ។
៤. គេហទំព័រមជ្ឈមណ្ឌលសិក្សាតាមអេឡិចត្រូនិករបស់ក្រសួងអប់រំ ដែលមានតំណភ្ជាប់៖ https://elearning.moeys.gov.kh/
៥. ការប្រើ Smartphone ដើម្បីប្រើប្រាស់ App របស់ក្រសួងព័ត៌មាន។
បន្ថែមពីនេះទៀត ក្រសួងអប់រំ យុវជន និងកីឡា លេីកឡេីងថា កម្មវិធីសិក្សានេះ នឹងចាប់ផ្ដើមពីម៉ោង៨ព្រឹកតទៅ និងមានការចាក់ផ្សាយឡើងវិញ២៤ម៉ោង ជារៀងរាល់ថ្ងៃ សម្រាប់សិស្សពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ និងកម្មវិធីអប់រំកុមារតូច ដោយអនុញ្ញាតឱ្យសិស្សានុសិស្សទស្សនា ដោយឥតគិតថ្លៃ។
សូមរំលឹកថា កម្មវិធីសិក្សានេះ ត្រូវបានដំណើរការ ខណៈដែលការសិក្សានៅកម្ពុជា ត្រូវបានផ្អាកជាបណ្ដោះអាសន្នដោយសារជំងឺកូវីដ-១៩។ តែទោះបីសាលារៀនបើកដំណើរការឡើងវិញក្ដី ក៏ប៉ុស្តិ៍ទូរទស្សន៍មួយនេះ ក៏នៅតែបន្តចាក់ផ្សាយកម្មវិធីអប់រំជាច្រើនទៀតដដែល៕
ដោយ អេង ប៊ូឆេង