ព័ត៌មានជាតិ

កូវីដ-១៩ ៖ មន្ទីរសុខាភិបាល រាជធានីភ្នំពេញ ចុះបាញ់ថ្នាំ សម្លាប់មេរោគ តាមផ្សារ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ មន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានចុះធ្វើសកម្មភាពបាញ់ថ្នាំ សម្លាប់មេរោគ នៅតាមបណ្តាផ្សារធំៗ មួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដោយអនុវត្ត តាមការណែនាំ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃជាប់គ្នា ដើម្បីសុខមាលភាព ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរ ក្នុងផ្សារទាំងអស់ ខណៈដែលជម្ងឺវីរុសកូវីដ-១៩ បាននឹងកំពុងវាយលុកមិនថា នៅលើពិភពលោក និងនៅក្នុងប្រទេសកម្ពុជា ។

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ ប្រាប់ ដល់អ្នកសារព័ត៌មាន ឲ្យដឹងថា “ក្នុងន័យគិតគូរ ពីសុខភាព បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំអោយមន្ទីរសុខាភិបាល រាជធានីភ្នំពេញ ចុះបាញ់ថ្នាំសម្លាប់មេរោគ។ ជាក់ស្តែងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ ក្រុមការងារមន្ទីរសុខាភិបាល បានចុះបាញ់ថ្នាំសម្លាប់មេរោគ តាមផ្សារធំថ្មី ទួលទំពូង និងផ្សារកណ្តាល បើទោះបី រាល់ថ្ងៃនេះ គណៈកម្មការផ្សារនិមួយៗ បាននឹងកំពុងអនុវត្តការងារ ទៅតាមការណែនាំ របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ ជម្ងឺវីរុសកូវីដ-១៩ ដោយនៅតាមបណ្តាលផ្សារទាំងនោះ ក្រៅពីការបាញ់ លាងសំអាតហើយនោះ នៅតាមបណ្តាលច្រកចេញ ចូល ផ្សារក៏មានកម្លាំងសន្តិសុខផ្សារ រងចាំបាញ់កំដៅ និងបាញ់អាកុលលាងដៃផងដែរ ជូនទៅអាជីវករ ក៏ដូចជាប្រជាពលរដ្ឋផងដែរ ។

ក្នុងនោះដែរ អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី លោកស្រី ប៉ុនដានី បានបញ្ជាក់ឲ្យដឹង នៅថ្ងៃនេះផងដែរថា នៅក្នុងខែមេសានេះ មានភ្ញៀវទេសចរចូលមកទស្សនា នៅក្នុងផ្សារធំថ្មី ចំនួន៥៨០៦នាក់ ក្នុងងនោះភ្ញៀវ ដែលបានចូលទស្សនាច្រើនជាងគេ មានភ្ញៀវជនជាតិវៀតណាម ជនជាតិចិន អឺរ៉ុប ម៉ាឡេស៊ី ជប៉ុនឥណ្ឌា ភ្ញៀវថៃនិងអាហ្វ្រិក។ ក្នុងខែមេសា ឆ្នាំ២០២០នេះ ដែរ យើងក៏បានចុះផ្សព្វផ្សាយ ស្ដីពីការបង្ការនិងទប់ស្កាត់មេរោគ កូវីដ-១៩ និងបានណែនាំ ប្រជាពលរដ្ឋ អាជីវករកុំឲ្យដំឡើងថ្លៃពួកម៉ាស អាកុលនឹងជេល និងបានប្រើប្រាស់អាកុល អស់ចំនួន៣៦០លីត្រ ម៉ាស់ចំនួន១៩៦០ម៉ាស់ និងបានបាញ់ថ្នាំសម្លាប់មេរោគ តាមបន្ទប់ជុំវិញផ្សារផងដែរ៕

To Top