ព័ត៌មានជាតិ

សប្បុរសជនបន្តនាំថវិកា និងសម្ភារៈ ផ្តល់ជូនរដ្ឋបាល ខេត្តកំពង់ចាម ចូលរួមប្រឆាំង ជំងឺកូវីដ១៩

កំពង់ចាម ៖ លោក មាស ធីបញ្ញា និងសហការី នៅរសៀលថ្ងៃទី២១ ខែមេសា ២០២០នេះ បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១ លានរៀល ,ម៉ាស់ ១.០០០ , សាប៊ូ ១,០០០ដុំ ជែលលាងដៃ ១០០ ដប និងភេសជ្ជៈ អាដេ ចំនួន ១០ កេះ ផ្តល់ជូន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ប្រយុទ្ធនិងជំងឺកូវីដ-១៩ ខេត្ត ដើម្បីប្រើប្រាស់ ក្នុងយុទ្ធនាការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈកម្មការ ខេត្ត ប្រយុទ្ធ នឹងជំងឺ កូវីដ ១៩ បាន ថ្លែងអំណរគុណ ដល់លោក មាស ធីបញ្ញា និងសហការី ទាំងអស់ ដែលបានចូលរួមចំណែក ក្នុងការឧបត្ថម្ភ ជាថវិកា សម្រាប់គណៈកម្មការ ប្រយុទ្ធ នឹង ជំងឺ កូវីដ ១៩ ខេត្តកំពង់ចាម យកទៅប្រើប្រាស់ តាមតម្រូវការចាំបាច់ ក្នុងយុទ្ធនាការ នានា ដើម្បី រួមគ្នា បង្ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺដ៏កាចសាហាវ នេះ ។

គួរបញ្ជាក់ ថា ខេត្តកំពង់ចាម កន្លងមកមានអ្នកកើតជំងឺកូវីដ១៩ សុទ្ធសឹងតែជាជនបរទេស សរុប ចំនួន១៦នាក់ ។ តែរហូតមកដល់ពេលនេះ គឺក្រុមគ្រូពេទ្យខេត្តកំពង់ចាម បាន ធ្វើការ ព្យាបាល អ្នកផ្ទុកវីរុស ទាំងនោះ បានជាសះស្បើយអស់ហើយ។

ជាមួយ គ្នានោះ អាជ្ញាធរ ខេត្តកំពង់ចាម នៅតែបន្តការប្រុងប្រយ័ត្នខ្ពស់ដដែល ដោយបានបំពាក់ ម៉ាស៊ីន ស្វ័យប្រវត្តិ បាញ់សម្លាប់ មេរោគ នៅតាមច្រក ចេញចូលសំខាន់ៗ ដើម្បី សម្រួល ដល់ការធ្វើ អនាម័យ ព្រមទាំង បានបន្តការផ្សព្វផ្សាយ សារអប់រំ អំពីការ ធ្វើអនាម័យ ដើម្បីចៀសផុត ពីការឆ្លង ជំងឺ ដ៏កាចសាហាវ នេះ ផង ដែរ ៕

To Top