ភ្នំពេញ ៖ លោក ជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានថ្លែងថា នាយកដ្ឋានប្រេងកាត មិនទាន់អាចវាយតម្លៃបានថា ដំណើរការបូមប្រេងលើក ដំបូងនៅកម្ពុជា ប្លុក A ដែលគ្រោងនឹងធ្វើឡើង ពាក់កណ្ដាល ឆ្នាំ២០២០ ក្រោយពីឥទ្ធិពលជំងឺ កូវីដ-១៩ កំពុងរីករាលដាលក្នុងសាកលលោក ខណៈកម្ពុជាក៏ប្រឈមជំងឺនេះដែរ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ ក្រសួងរ៉ែ និង ថាមពល» នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការ គណៈរដ្ឋមន្ដ្រី លោក ជៀប សួរ បញ្ជាក់ថា នៅពេលស្ថានភាព កូវីដ-១៩ បានធូរស្រាល នាយកដ្ឋានប្រេងកាត ក៏ដូចជា ក្រសួងរ៉ែ នឹងពិភាក្សាជាមួយក្រុមហ៊ុន KrisEnergy ដើម្បីធ្វើការងារបន្ដទៀត ចំពោះដំណើរ ការបូមប្រេងនៅកម្ពុជា។
លោក មានប្រសាសន៍ថា «ចាប់អារម្មណ៍ជាទូទៅទាំងអស់គ្នាថា បច្ចុប្បន្ននេះដោយសារការ រឹតត្បឹត នៃ កូវីដ១៩ សូម្បីតែការធ្វើដំណើរជាលក្ខណៈបុគ្គលក៏ត្រូវហាមឃាត់ដែរ ចុះបើសិន ជាការ អនុវត្តន៍គម្រោងត្រូវការដឹកជញ្ជូន សម្ភារផ្សេងៗនៅការដ្ឋានជាដើម ក៏មិនត្រូវហាម ឃាត់ដែរ ដូច្នេះការងារហ្នឹង យើងនឹងធ្វើការវាយតម្លៃជាមួយក្រុមហ៊ុន KrisEnergy បន្តទៀត នៅពេលដែលស្ថានធូរស្រាល ទើបយើងអាចវាយ តម្លៃបានច្បាស់លាស់ជាងនេះ»។
លោកបន្ដថា «ជាទូរទៅក្រុមហ៊ុនណា ក៏វាប៉ះពាល់ទាំងអស់ហើយ ទាំងពីជាបុគ្គល ទាំងក្រុម ហ៊ុនអនុវត្តផ្សេងៗ ទាំងគម្រោងអនុវត្តប្រេងកាតផង ចឹងនៅពេលដំណាក់កាលនេះ យើងអត់ ទាន់អាចវាយតម្លៃថា យ៉ាងមិចទេ សូមពេលវេលាបន្ដិចទៀត នៅពេលកូវីដធូរ ស្រាល យើង ជួបប្រជុំពិភាក្សាជាមួយ (ជាមួយក្រុមហ៊ុម KrisEnergy ) ទើបអាចវាយតម្លៃបាន»។
សូមរំលឹកថា នាពេលកន្លងមក មានក្រុមហ៊ុន KrisEnergy របស់សិង្ហបុរី ទទួល សិទ្ធិវិនិយោគ គម្រោងប្រេងកាតប្លុក A នៅកម្ពុជា។ ហើយ ការបូមប្រេងកាតចេញ ពីតំបន់ អប្សរា គ្រោងនឹងត្រូវធ្វើឡើង នៅឆមាសទី១ ឆ្នាំ២០២០ ដែលមានអត្រាផលិត កម្មខ្ពស់បំផុត ៧៥០០បារ៉ែល ក្នុង១ថ្ងៃ ផងដែរ៕
ដោយ ៖ អេង ប៊ូឆេង