ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីដាក់ប្រើប្រាស់ជាផ្លូវការនូវកម្មវិធីបង្រៀនថ្នាក់ Think! Think! ដើម្បីផ្ដល់ឱកាសសិក្សាដល់កុមារតាមប្រព័ន្ធអេឡិចត្រូនិក លើកកម្ពស់ការគិត បង្កើន IQ និងសមត្ថភាពគណិតវិទ្យារបស់កុមារ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ថា Think! Think! ជាកម្មវិធីសិក្សាដ៏ល្អ ជួយបង្កើន IQ ជំនួយដល់ការគិតបានស៊ីជម្រៅ និងបំណិនផ្នែកសង្គមរបស់កុមារ។ ជាពិសេសក្នុងអំឡុងពេលដែលកម្ពុជាកំពុងប្រឈមមុខនឹងជំងឺកូវីដ-១៩ កុមារអាចរីករាយក្នុងការសិក្សាកម្មវិធីនេះ ដោយខ្លួនឯងជាមួយសមាជិកគ្រួសារ នៅតាមផ្ទះ។
សូមជម្រាបថា កម្មវិធីសិក្សា Think! Think! បាន និងកំពុងត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក Moeys Cambodia និង Krou Cambodia របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានរយៈពេលបីថ្ងៃក្នុងមួយសប្ដាហ៍ មានថ្ងៃចន្ទ ពុធ និងសុក្រ វេលាម៉ោង៥:០០-៥:៣០ល្ងាច ដោយកម្មវិធីបង្រៀនមានជាល្បែងល្បងប្រាជ្ញាថ្មីៗប្រមាណ១៥០០០ប្រភេទ។
ជាងនេះទៅទៀតនោះ ដើម្បីជួយដល់កុមារដែលមិនមានអ៊ីនធឺណិតនៅតាមផ្ទះ កម្មវិធីសិក្សា Think! Think! គ្រោងនឹងចាក់ផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍តេជោធីវី ក្នុងពេលឆាប់ៗខាងមុខ៕ ដោយ ៖ អេង ប៊ូឆេង