ភ្នំពេញ ៖ បញ្ជាការដ្ឋាន កងទ័ពជើងអាកាស បានបរិច្ចាគថវិកា ប្រចាំឆ្នាំ២០២០ ចំនួន ៧៧ ៤៤០ ០០០ រៀល និង១២០ ដុល្លារអាមេរិក ដែលទទួលបាន ពីសមាជិកគាំទ្រ ចំនួន ១ ២៤៦ នាក់ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ។
យោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០ ២០ បានឲ្យដឹងថា លោក នង ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណ ចំពោះ ការចូលរួមបរិច្ចាគ ពីសំណាក់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងស្មារតីជួយគ្នា ទៅវិញទៅមក ជាពិសេស គឺទឹកចិត្តខ្មែរជួយខ្មែរ ដើម្បីស្នាមញញឹម របស់កុមារនៅកម្ពុជា ។
លោកបន្ដថា ទាំងនេះជាកាយវិការគួរឲ្យគោរព និងកោតសរសើរ ទោះបីជាក្នុងស្ថានភាព ដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងតែមមារញឹក ក្នុងការប្រយុទ្ធ នឹងការរីករាលដាល នៃជំងឺកូវីដ-១៩ ក៏ដោយ មិនបោះបង់កុមារកម្ពុជា ចោលឡើយ ពោលគឺពួកគាត់នៅ តែបន្តបរិច្ចាគ ដើម្បីចូលរួមលើកកម្ពស់ សុខុមាលភាព កុមាររាប់លាននាក់នៅកម្ពុជា ។
ក្នុងនោះឧត្តមសេនីយ៍ឯក សោម សាទុម មេបញ្ជាការរង កងទ័ពជើងអាកាស បានសម្ដែងក្ដី រីករាយ ដែលបានរួមចំណែកក្នុងការគាំទ្រ ដល់ការគិតគូរ របស់រាជរដ្ឋាភិបាល ក្នុងការងារមនុស្សធម៌ នេះ និងបានសន្យាបន្តបំផុសចលនាគាំទ្រ និងចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមមធ្យោបាយនានា ដែលអាចធ្វើបាន សម្រាប់ឆ្នាំក្រោយៗទៀត៕
ដោយ ៖ អេង ប៊ូឆេង