Covid-19

៤ថ្ងៃ មានកម្មករជិត ៣ពាន់នាក់ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ក្នុងនោះតេស្តរកកូវីដ១៩ ជាង ៩០នាក់

ភ្នំពេញ៖ រយៈពេល ៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់២៣ ខែមេសា ឆ្នាំ២០២០នេះ មានបងប្អូនកម្មករ កម្មារិនីរោងចក្រមក ពិនិត្យសុខភាពចំនួន ២៨៥០នាក់ ក្នុងនោះដាក់ឲ្យដាច់ដោយឡែកនៅផ្ទះ ១៤ថ្ងៃ ចំនួន ២៧០៣នាក់ ដាក់ឲ្យស្នាក់នៅមណ្ឌលដាច់ដោយឡែកកម្រិត១ (វិទ្យាល័យជម្ពូវ័ន) ចំនួន ៥៨នាក់ និងដាក់ឲ្យស្នាក់នៅមណ្ឌលដាច់ដោយឡែកកម្រិត២ (វិទ្យាល័យជម្ពូវ័ន) ចំនួន ៨៩នាក់ ហើយក្នុងចំណោមកម្មករជិត ៣ពាន់នាក់នេះ មាន ៩៤នាក់ ត្រូវបានយកសំណាក ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្នុងគោលបំណងការពារសុខភាព បងប្អូកម្មកររោងចក្រជាង ៩៥% ដែលបានមកធ្វើការការងារធម្មតា អំឡុងពេលបុណ្យចូលឆ្នាំផង ក៏ដូចជាការពារសុខភាព បងប្អូនកម្មកររោងចក្រ ដែលបានឈប់សម្រាកអំឡុង ពេលបុណ្យចូលឆ្នាំផងនោះ ក្រសួងការងារ បានសហការជាមួយក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ រួមទាំងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការ បណ្ឌលត្រួតពិនិត្យសុខភាពចំនួន ១០មណ្ឌល និងមណ្ឌលដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ចំនួន ៣មណ្ឌល ដើម្បីពិនិត្យសុខភាពកម្មករ រោងចក្រដែលបានឈប់សម្រាក អំឡុងពេលបុណ្យចូលឆ្នាំ និងទើបវិលត្រឡប់ចូលបម្រើការងារវិញ ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២៣ មេសានេះ ក្រសួងសុខាភិបាលកម្ពុជា បានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន ១១០នាក់ និងកំពុងសម្រាកព្យាបាលបន្តចំនួន ១២នាក់ (សរុបទាំងអ្នកជាសះស្បើយ និងកំពុងសម្រាកព្យាបាលបន្ត មានចំនួន ១២២នាក់) ៕

ដោយ៖ ខា ដា

To Top