ព័ត៌មានជាតិ

ជួយសម្រួលទុក្ខ លំបាករបស់ប្រជាពលរដ្ឋ អភិបាលខណ្ឌច្បារអំពៅ យករថយន្តបូមលូ ទៅបូម នៅទីតាំងដែលស្ទះ

ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានយករថយន្តបូមលូ ទៅដាក់បូម នៅរាល់ទីតាំងណា ដែលស្ទះទឹក ដែលសកម្មភាពនេះ ធ្វើឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់លោក សំដែងនូវក្តីត្រេកអរ ព្រោះមិនបង្កឲ្យប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ ។

ជាក់ស្តែងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ លោកអភិបាល បានយករថយន្តបូមលូ ទៅដាក់បូមនិងស្តាសំរាមចេញ ពីរឺហ្គែរលូ នៅតាមបណ្តោយផ្លូវ៣៦៩ កែងផ្លូវចូលតំបន់ បឹងព្រលឹត ស្ថិតក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បន្ទាប់ពីស្ទះរឺហ្គែរ បង្កឲ្យលិចលើផ្លូវអស់ ប្រមាណ១យប់រួចមក។

ទាក់ទិននិង ករណីស្ទះរឺហ្គែរលូ បង្កឲ្យហៀចេញពីលូខាងលើនេះ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ថា រាល់ទីតាំងណា ដែលមានបញ្ហាស្ទះលូ គឺលោកបានបញ្ជាទៅមន្ត្រីជំនាញ ឲ្យយករថយន្តបូមលូ ទៅដាក់បូម និងស្តាសំរាមចេញពីរឺហ្គែរ ដែលស្ទះកុំឲ្យហៀទឹកសំអុយ មកលើផ្លូវបង្កឲ្យប៉ះពាល់សុខភាព ប្រជាពលរដ្ឋ និងអ្នកដំណើរដែលឆ្លងកាត់ទីតាំង ដែលរងការបង្ហៀទឹកសំអុយនោះ ។

លោកចេង មុនីរ៉ា បានបញ្ជាក់ដែរថា រាល់ទីតាំងដែលរងការស្ទះលូ គឺលោកតែងជំរុញដល់អាជ្ញាធរសង្កាត់ និងភូមិឲ្យចុះពិនិត្យ ក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវចុះស្តាសំរាម ចេញពីមុខលូ ការពារកុំឲ្យស្ទះ ។

ប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកប្រា ក៏បានសំដែងការអរគុណ ដល់លោកអភិបាល ខណ្ឌច្បារអំពៅ ដែលបានជួយសម្រាលទុក្ខលំបាករបស់ពួកគាត់ ៕

To Top