ភ្នំពេញ ៖ ដើម្បីប្រយុទ្ធប្រឆាំង បង្ការការពារ ពីការឆ្លងរាលដាល នៃជំងឺកូវីដ១៩ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំដល់ប្រជាពលរដ្ឋ ដែលត្រៀមខ្លួនចូលបួស (ការតមអាហារ ពេលថ្ងៃរយៈពេល ១ខែ) ក្នុងខែរ៉ាម៉ាឌន នៃសាសនិកឥស្លាម ដែលជាបុណ្យធំ របស់ឥស្លាម ឬហៅតាមកនអ៊ីម៉ាំសាន់ថា ចូលបួសហ្គាម៉ឺវ៉ាន ដែលគ្រោងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ។
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២០ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយ ជូនប្រជាពលរដ្ឋ១០០គ្រួសារ ក្នុងសង្កាត់ព្រែកប្រា ដោយក្នុងមួយគ្រួសារទទួលបាន អាហារ រ៉ាម៉ាទន ចំនួន ១ឈុត ដែលរៀបចំនៅក្នុងបរិវេណ អនុវិទ្យាល័យព្រែកប្រា ។
ដូចក្នុងនោះ លោកអភិបាលខណ្ឌច្បារអំពៅ បានថ្លែងសំណេះសំណាល និងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដូចខាងក្រោម ៖
១~ផ្អាកការពិសា អាហារស្រាយបួស នៅវិហារ ដោយសូមអនុវត្ត នៅតាមផ្ទះរៀងៗខ្លួន
២~ផ្អាកការស្រឡាតតារ៉វ៉េះ (ថ្វាយបង្គំពេលយប់ក្នុងខែ រ៉ាម៉ាឌន) នៅតាមវិហារ តែសូមធ្វើការជាលក្ខណៈគ្រួសារនៅតាមផ្ទះ រហូតដល់មានសេចក្ដីជូនដំណឹងពីរាជរដ្ឋាភិបាល
៣~ការដើរសួរសុខគ្នា នៅថ្ងៃរ៉យ៉ាហ្វិត្រាស់ សូមកុំប្រមូលផ្តុំ ហើយរក្សាគម្លាតពីគ្នា
៤~ត្រូវអនុវត្តវិធីបង្ការ តាមការណែនាំ របស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលរួមមាន៖ ការរក្សាអនាម័យ ការលាងដៃនឹងសាប៊ូ អាល់កុល ឬជេល ការពាក់ម៉ាស់ និងចៀសវាងចាប់ដៃគ្នា។
លោកអភិបាលខណ្ឌ បានណែនាំទៀតថា បើករណីមានការសង្ស័យ សូមប្រញាប់ទាក់ទងទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើតេស្តរកមេរោគ ទាំងនេះ គឺជាក្បួន នៃការប្រយុទ្ធប្រឆាំង នឹងការរាតត្បាតជំងឺ COVID-19 ដ៏កាចសាហាវនេះ ៕