ព័ត៌មានជាតិ

ធនាគារពិភពលោក ព្យាករណ៍ថា ប្រាក់ផ្ញើចេញ របស់ពលករ ចំណាកស្រុក នឹងធ្លាក់ចុះខ្លាំង ដែលមិនធ្លាប់មានពីមុនមក

ភ្នំពេញ ៖ ធនាគារពិភពលោក ព្យាករណ៍ថា ការផ្ញើប្រាក់ចេញ នៅទូទាំងសាកលលោក ត្រូវ បានរំពឹងទុកថា នឹងធ្លាក់ចុះយ៉ាងខ្លាំង ប្រមាណជា២០ភាគរយ នៅឆ្នាំ២០២០ ដោយសារ វិបត្តិបណ្តាល មកពីការរាលដាលជំងឺ កូវីដ-១៩ និងការបិទសកម្មភាព សេដ្ឋកិច្ចសឹងតែគ្រប់ ផ្នែកទាំងអស់។

យោងតាមការចេញផ្សាយរបស់ ធនាគារពិភពលោក ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០បាន ឲ្យដឹងថា «មូលហេតុនាំ ឲ្យមានការធ្លាក់ចុះ ក្នុងសភាព យ៉ាងគំហុក មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រថ្មីកន្លងទៅនេះ គឺមួយភាគធំ មកពីការធ្លាក់ចុះនៃ ចំនួនប្រាក់បៀវត្សរ៍ និងការងារ របស់ពលករចំណាកស្រុក ដែលសុទ្ធតែជាក្រុមមនុស្សងាយ បាត់បង់ការងារ និងប្រាក់បៀវត្សរ៍មុនគេ នៅក្នុងបណ្តាប្រទេស ដែលពួកគេកំពុងធ្វើការ កាលណាមានវិបត្តិសេដ្ឋកិច្ចកើតឡើង»។

ធនាគារពិភពលោក បន្ដថា រំហូរការផ្ញើប្រាក់ចេញ ទៅកាន់ប្រទេសមានចំណូលទាបនិងមធ្យម (LMICs) ត្រូវបានព្យាករណ៍ទុកថា នឹងស្រុតចុះប្រហែល១៩,៧ភាគរយ គឺសមមូលទៅនឹង ៤៤៥ប៊ីលានដុល្លារ ដែលជាការបាត់បង់ នូវប្រភពហិរញ្ញវត្ថុ ចិញ្ចឹមជីវិតដ៏សំខាន់មួយ សម្រាប់គ្រួសារងាយរងគ្រោះ។ ការសិក្សានានាបានបង្ហាញថា ការផ្ញើប្រាក់ចេញរបស់ពលករចំណាក ស្រុក បានជួយសម្រាលភាពក្រីក្រ នៅតាមប្រទេសមានចំណូលទាប និងមធ្យម ធ្វើឲ្យ អាហារូបត្ថម្ភមានភាពប្រសើរឡើង រួមចំណែកបង្កើនការចំណាយ ទៅលើវិស័យអប់រំ និងជួយ កាត់បន្ថយពលកម្មកុមារ នៅតាមគ្រួសារទីទ័លក្រ ។

ធនាគារពិភពលោក បញ្ជាក់ថា កាលណាចំនួនប្រាក់ផ្ញើចេញធ្លាក់ចុះ វានឹងជះផលមិនល្អទៅលើលទ្ធភាពចាយវាយ របស់គ្រួសារនានា ទៅលើផ្នែកទាំងនេះ ដោយសារតែគេចាំបាច់ ត្រូវបង្វែរធនធានហិរញ្ញវត្ថុ កាន់តែច្រើនទៅដោះស្រាយ បញ្ហាខ្វះខាតស្បៀងអាហារ និងសេចក្តីត្រូវការបន្ទាន់ នៅក្នុងជីវភាពរស់នៅជាមុនសិន។

លោក ដេវីដ ម៉ាល់ប៉ាស់ ប្រធានធនាគារពិភពលោក មានប្រសាសន៍ថា « ការផ្ញើប្រាក់មកពី ក្រៅជាប្រភពចំណូលដ៏សំខាន់ សម្រាប់បណ្តាប្រទេស កំពុងអភិវឌ្ឍន៍ ។ ឱនភាពសេដ្ឋកិច្ចដែលកំពុងកើតឡើង ដោយសារជំងឺកូវីដ១៩នេះបង្កការប៉ះទង្គិចយ៉ាងដំណំ លើលទ្ធភាពរបស់ពលករ ក្នុងការផ្ញើលុយទៅផ្ទះ អាស្រ័យហេតុនេះ វាកាន់តែសំខាន់ថែមទៀតដែល យើងត្រូវខិតខំធ្វើ យ៉ាងណាឲ្យសេដ្ឋកិច្ចនៃប្រទេសជឿនលឿនឆាប់ងើបឡើងវិញ»។

លោកបន្ដថា ប្រាក់ផ្ញើពីក្រៅជួយដល់ក្រុមគ្រួសារ ក្នុងការចាយវាយលើស្បៀងអាហារ លើការ ថែទាំសុខភាព និងលើសេចក្តីត្រូវការចាំបាច់ជាមូលដ្ឋានផ្សេងៗ។ ក្នុងខណៈដែលក្រុម ធនាគារពិភពលោក អនុវត្តវិធានការរហ័ស និងមានទ្រង់ទ្រាយទូលំទូលាយមួយ ដើម្បីជួយ ដល់ប្រទេសដែលជួបការលំបាក កំពុងតែព្យាយាមរក្សាបណ្តាញផ្ទេរ ប្រាក់ចេញឲ្យនៅដំណើរ ការដដែល និងជួយសហគមន៍ក្រីក្រឲ្យមានលទ្ធភាពទទួលបានរាល់តម្រូវការចាំបាច់ បំផុតទាំងនេះ សម្រាប់ទ្រទ្រង់ការរស់នៅប្រចាំថ្ងៃ។

ជាងនេះទៅទៀត ប្រធានធនាគារពិភពលោក បានលើកឡើងថា ធនាគារពិភពលោកកំពុង តែជួយដល់ប្រទេស ដែលជាសមាជិករបស់ខ្លួន នៅក្នុងការតាមដាន ទៅលើរំហូរប្រាក់ផ្ញើចេញ តាមរយៈបណ្តាញនានា ទៅលើថ្លៃចំណាយ និងភាពងាយស្រួល ក្នុងការផ្ញើលុយទៅស្រុក
និងទៅលើបទប្បញ្ញត្តិ សម្រាប់ការពារសុចរិតភាព ហិរញ្ញវត្ថុដែលមានឥទ្ធិពល ទៅលើរំហូររបស់ប្រាក់ផ្ទេរ ៕

ដោយ ៖ អេង ប៊ូឆេង

To Top