ព័ត៌មានជាតិ

អាវុធហត្ថ ខេត្តស្វាយរៀង បញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន

ស្វាយរៀង ៖ នៅ រសៀលថ្ងៃ ទី២៣ ខែមេសា ឆ្នាំ២០២០ សមកិច្ចជំនាញ នៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។

អាវុធហត្ថេត្តស្វាយរៀង បានឲ្យដឹងថានៅវេលាម៉ោង ២២:០០ នាទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ដោយបានការអនុញ្ញាតពីលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង​ ខេត្តស្វាយរៀង កម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ទទួលការងារយុត្តិធម៌ បានប្រើវិធានញ៉ុះញង់ ឱ្យលក់ដោយខុសច្បាប់ នូវសាធាតុញៀន ដោយប្រើភ្នាក់ងារ ធ្វើការទំនាក់ទំនង ជាមួយមុខសញ្ញាមេខ្លោង ជួញដូរគ្រឿងញៀនសកម្ម នៅក្រុងបាវិត ។

សមត្ថកិច្ចអាវុធហត្ថ បានឲ្យដឹងថារហូតដល់ម៉ោង ២២:៣០ នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ មុខសញ្ញាជួញដូរគ្រឿងញៀន បានបង្ហាញខ្លួននៅចំណុចមុខផ្ទះសំណាក់ ៣៨៨ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមបញ្ជាផ្ទាល់ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងជំនាញកងរាជអាវុធហត្ថ បានធ្វើការចាប់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ មុំ វណ្ណា ភេទប្រុស អាយុ ២៧ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង រួចធ្វើការឆែកឆេរលើខ្លួនប្រាណរកឃើញ៖
១.ថ្នាំញៀនចំនួន ០៦ កញ្ចប់ (ធំ ០៥កញ្ចប់ ០១ កញ្ចប់ )
២.ទូរសព្ទដៃចំនួន ០១គ្រឿង
៣.ប្រាក់រៀលចំនួន ៤០,០០០៛
៤.ប្រាក់ដុល្លារចំនួន ២០ដុល្លារ
៥.ប្រាក់ដុងចំនួន ១៥០,០០០ដុង
៦.កាបូបដៃចំនួន ០១
៧.កាតវីងចំនួន ០១សន្លឹក
៨.សម្ភារៈវេចខ្ចប់ និងប្រើប្រាស់មួយចំនួន។

ក្រោយពីមន្រ្តីនគរបាលយុត្តិធម៌ ធ្វើការសាកសួររួចឈ្មោះ មុំ វណ្ណា ភេទប្រុស បានសារភាពថា ៖ ខ្លួនទិញថ្នាំញៀនពីឈ្មោះ ដូង វាសនា តាមរយៈលេខ ០៩៦ ៨៨៩៥១៨៧ ។

រហូតដល់ម៉ោង ០៧:១០ នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ឈ្មោះ មុំ វណ្ណា បានទំនាក់ទំនងឈ្មោះ ដូង វាសនា ដែលជាមេក្លាងនៅចំណុច ខាងមុខផ្ទះសំណាក់ស្រែតាឡាក់ ស្ថិតនៅភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀងក្រោយមក បន្តិចឈ្មោះ ដូង វាសនា ក៏មកដល់កម្លាំងកងរាជអាវុធហត្ថ ក៏ធ្វើការចាប់ខ្លួន រួចធ្វើការឆែកឆេរ លើខ្លួនប្រាណរកឃើញ និងចាប់យកវត្ថុតាង រួមមាន៖
១.ថ្នាំញៀនចំនួន ០២ កញ្ចប់ (ធំ ០១ កញ្ចប់ ០១ កញ្ចប់តូច)
២.ទូរស័ព្ទចំនួន ០២គ្រឿង
៣.ប្រាក់ដុល្លារចំនួន ១០ដុល្លារ
៤.ប្រាក់រៀលចំនួន ៦០,០០០៛
៥.ប័ណ្ណសមាជិក ប ស ស ០១សន្លឹក។ ឈ្មោះ ដូង វាសនា ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ បញ្ជាការដ្ឋានកងរាជអាវុធខេត្ត កសាងសំណុំរឿង បញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ត ៕

To Top