ព័ត៌មានជាតិ

លោកស្រី ម៉ែន សំអន ៖ ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងជម្ងឺកូវីដ១៩ ត្រូវអនាម័យជាប្រចាំ

ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
បានថ្លែងក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លង និងរីករាលដាលជម្ងឺកូវីដ១៩ ខណៈដែលកម្ពុជាការឆ្លង នៅមានកម្រិតទាប ដូច្នេះត្រូវធ្វើអនាម័យជាប្រចាំ ។

នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុកដល់មន្រ្តីរាជការ កងកម្លាំងទាំងបីប្រភេទ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លោកស្រីបាន
កោតសសើរ និងថ្លែងអំណរគុណ ដល់ក្រុមការងាររដ្ឋាភិបាល ចុះជួយខេត្ត ខេត្តស្វាយរៀង មន្ទីរសុខាភិបាលខេត្តស្វាយរៀង និងរដ្ឋបាលគ្រប់ស្រុក ពិសេស ស្រុកស្វាយជ្រំ ដែលបានរួមគ្នាបំពេញការងារ បានយ៉ាងល្អនៅមូលដ្ឋានរៀងៗខ្លួន និងអនុវត្តបានយ៉ាងសកម្ម ក្នុងការចូលរួមទប់ស្កាត់ នូវជម្ងឺកូវីដ១៩ ដែលពិភពលោក ក៏ដូចជាតំបន់បាននឹងកំពុង មានការព្រួយបារម្ភយ៉ាងខ្លាំង ។

លោកស្រីបានបញ្ជាក់ថា យើងមិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជា មានអ្នកឆ្លងនៅមានកម្រិតតិច ក្រោមការអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការជាច្រើន របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ។ ស្របពេលដែលកម្ពុជាមកដល់ថ្ងៃនេះ អ្នកឆ្លងមានចំនួន ១២២នាក់ អ្នកជាសះស្បើយមានចំនួន ១១០នាក់ និងពុំមានអ្នកស្លាប់នោះទេ ចំណែកឯពិភពលោកកំពុងប្រឈមមុខ នឹងយ៉ាងខ្លាំងអំពីការឆ្លង និងស្លាប់យ៉ាងកំហុក ដែលមកដល់ពេលនេះ អ្នកឆ្លងមានចំនួន ជាង ២លាន៧សែននាក់ អ្នកស្លាប់ជាង ១៩ម៉ឺននាក់ និងអ្នកជាសះស្បើយមានចំនួន ៧៤ម៉ឺននាក់។

លោកស្រីក៏បានស្នើឲ្យបងប្អូនទាំងអស់ត្រូវ *១.រក្សាស្រូវអង្ករ អំបិល ត្រីបម្រុងទុក្ខ ដោយមិនឲ្យខ្វះខាតឡើយ *២.ជម្រុញឲ្យប្រជាពលរដ្ឋពង្រីកការដាំដុះ បន្លែបង្ការចិញ្ចឹម សត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលកំពុងមានត្រូវការ ខណៈការនាំចូលត្រូវបានកាត់បន្ថយ ដើម្បីបំពេញតម្រូវការក្នុងស្រុក ដែលជាកាលានុវត្តន៍ភាពសម្រាប់វិស័យ កសិកម្ម *៣. ត្រូវថែរក្សាអនាម័យគ្រប់ៗក្រុមគ្រួសារ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល សារាចរណ៍ណេនាំរបស់ក្រសួងមហាផ្ទៃ និងរបស់រាជរដ្ឋាភិបាល។

លោកស្រីបានសំណូមពរ ឲ្យមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាអនុវត្ត និងថែរក្សាឲ្យបាន នូវភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនផងដែរ ជាពិសេស អនុវត្តឲ្យបានតាមវិធានការ ចំនួន ៣ របស់សម្តេចតេជោបានដាក់ចេញ គឺ ទី១. ការទប់ស្កាត់មិន ឱ្យមានការបន្តនាំជំងឺចូលមកកម្ពុជា ទី២. ការទប់ស្កាត់នូវការរីករាលដាលនៅក្នុងប្រទេស និង ទី៣. ការព្យាបាលអ្នកដែលបានឆ្លងជំងឺកូវីដ-១៩។

ជាចុងក្រោយ លោកស្រីក៏បានឧបត្ថម្ភដល់ ១.ជូនសាលាស្រុកស្វាយជ្រំ អង្ករ៨៥០គីឡូក្រាម -ត្រីខ ២កេសធំ មី ៣កេស សាប៊ូ១កេសធំ អាល់កុល៣០លីត្រ ម៉ាស់ ៣០០ម៉ាស់ ២.ជូនប៉េអឹម យោធា នគរបាល ដោយក្នុងមួយអង្គភាពទទួលបាន អង្ករ១០០គីឡូក្រាម ត្រីខ៥០កំប៉ុង មី៣កេសតូច សាប៊ូ ១កេសធំ អាល់កុល៣០លីត្រ ម៉ាស់២៥០ម៉ាស់ ៣.ជូនឃុំទាំង ១៦ និងមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ដោយក្នុងមួយអង្គភាពទទួលបានអង្ករ៥០គីឡូក្រាម ត្រីខ ៥០កំប៉ុង មី២កេស សាប៊ូ១០០ដុំ អាល់កុល៣០លីត្រ ម៉ាស់២៥០ម៉ាស់៕

To Top