ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្ម ជំរុញភាគីពាក់ព័ន្ធ ទប់ស្កាត់ការនាំចូល កសិផលខុសច្បាប់ ដើម្បីការពារតម្លៃកសិផលក្នុងស្រុក

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានជំរុញឲ្យ អង្គភាពអគ្គនាយកដ្ឋានចំនួន៣ (អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រដ្ឋបាលជលផ) រួមទាំងមន្ទីរទាំង២៥ រាជធានី-ខេត្ត ត្រូវសហការទប់ស្កាត់ការនាំចូល កសិផលខុសច្បាប់ ដើម្បីការពារតម្លៃកសិផលក្នុងស្រុក និងបើកឱកាសឲ្យផលិតករក្នុងស្រុក។ នេះបើយោងគេហទំព័រ តាមហ្វេសប៊ុក របស់ក្រសួងកសិកម្ម។

ថ្លែងនៅក្នុងកិច្ចប្រជុំមួយ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លោក វេង សាខុន បាន ឲ្យដឹងថា ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឲ្យ ប្រជាពលរដ្ឋត្រូវខិតខំធ្វើការដាំដុះ ជំរុញផលិតកម្មកសិកម្មរួមមាន ការចិញ្ចឹមសត្វ ផលិតស្រូវ និងដំណាំ ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ ឲ្យបានគ្រប់គ្រាន់ តាមតម្រូវការក្នុងស្រុក ហើយឆ្លៀតយកឱកាសនេះ ត្រូវបង្កើតជាកាលានុវត្តភាព សម្រាប់វិស័យកសិកម្ម ខណ:យើងបិទការនាំចូលពីខាងក្រៅ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល ជំងឺឆ្លងសកលកូវីដ-១៩ ដើម្បីចូលរួមទទួលខុសត្រូវ ក្នុងការធានាសន្តិសុខស្បៀង ក្នុងបរិបទ ដែលប្រទេសយើង កំពុងជួបវិបត្តិកូវីដ-១៩នេះ លោក រដ្ឋមន្រ្តី បានចេញសារាចរណែនាំចំនួន៨ ចំណុច ដល់គ្រប់អង្គភាពទាំងអស់ យកទៅអនុវត្តន៍៖

ទី១.ក្រៅពីការធ្វើប្រពលវប្បកម្មដំណាំស្រូវ ការធ្វើពិពិធកម្មដំណាំសំខាន់ៗមួយចំនួន គួរគិតផងដែរ នូវការដាំបន្លែអតិផលជុំវិញផ្ទះ និងចិញ្ចឹមសត្វ ដើម្បីបង្កើនចំណូល ធានាសន្តិសុខស្បៀង បង្កើតឱកាសការងារ និងកាត់បន្ថយផលវិបាក របស់ប្រជាជនក្នុងកាលៈទេសៈនេះ។

ទី២. ប្រើប្រាស់នូវនវានុវត្តន៍ នៃបច្ចេកវិទ្យាថ្មីៗ ដើម្បីឲ្យកសិករ អាចគ្រប់គ្រងផលិតកម្មបាន។ ប្រើប្រាស់បច្ចេកវិទ្យា ដែលប្រើប្រាស់ទឹកតិចគិតគូរ អំពីហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ទ្រទ្រង់ ក្រោយពេលប្រមូលផល (មានជម្រុក បច្ចេកទេសថែរក្សា និងការកែច្នៃជាដើម)។ រើសទីតាំងផលិតកម្មជិតប្រភពទឹក ដើម្បីរៀបចំឯកសារដាក់ជូន “មូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ” ទទួលបានការអនុគ្រោះថ្លៃអគ្គិសនី សម្រាប់ការបូមទឹកនៅពេលយប់។

ទី៣. ជ្រើសរើសសហគមន៍ ដែលមានសក្ដានុពល និងសមត្ថភាពគ្រប់គ្រាន់ ក្នុងផលិតកម្មបន្លែក្នុងទ្រង់ទ្រាយធំ រៀបចំផែនការផលិត និងផ្គត់ផ្គង់ឲ្យស្របតាមតម្រូវការទីផ្សារ។ បង្កើតបណ្ដាញទីផ្សារដើម្បីផ្សាភ្ជាប់អ្នកទិញ និងសហគមន៍ផលិតក្នុងទិសដៅធ្វើឲ្យមាននិរន្តរភាពនៃការផ្គត់ផ្គង់ទីផ្សារតាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។

ទី៤. ដោះស្រាយឲ្យមានប្រសិទ្ធភាព នូវសេចក្តីត្រូវការទាំងឡាយ របស់ប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅទីជនបទ ដូចជាការបណ្តុះបណ្តាលបច្ចេសកសិកម្ម ការអភិវឌ្ឍសហគមន៍ ការលើក កម្ពស់កិច្ចការដាំដុះ ជាលក្ខណៈគ្រួសារ ការផ្តល់គ្រាប់ពូជ ជី ការបង្កើតធនាគារស្រូវ សហគ្រាសធុនតូច ផ្នែកកសិ-ឧស្សាហកម្ម និងការកែលម្អ វិធីផ្សព្វផ្សាយព័ត៌មានកសិកម្ម ឲ្យដល់ភូមិ-ឃុំ។ លើកទឹកចិត្តកសិករ អ្នកចំណាកស្រុក ដែលវិលមកកម្ពុជាវិញ និងកម្មករដែលបាត់បង់ការងារ ឲ្យធ្វើកសិកម្មចម្រុះ (ការចិញ្ចឹមមាន់ ត្រី និងដាំបន្លែ)។

ទី៥.ត្រូវជំរុញការធ្វើពហុវប្បកម្ម ដំណាំចម្រុះការធ្វើដំណាំឆ្លាស់ និងជំរុញដំណាំកសិ-ឧស្សាហកម្ម សម្រាប់ផ្គត់ផ្គង់ ការបង្កើតសិប្បកម្មតូចៗ និងឧស្សាហកម្មនៅមូលដ្ឋាន ដើម្បីបង្កើនតម្លៃ បន្ថែម និងប្រាក់ចំណូល។ ជំរុញការដាំបន្លែ និងឈើហូបផ្លែ ដើម្បីធានាការហូបចុកក្នុងស្រុក និងជាជំហានៗ ឈានទៅជំនួសបន្លែនាំចូល។ ជំរុញការចិញ្ចឹមសត្វ និងវារីវប្បកម្មតាមគ្រប់រូបភាព ជាពិសេសការប្រើប្រាស់ កញ្ចប់ថវិកាហិរញ្ញប្បទានពិសេស ៥០លានដុល្លារ របស់រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ករណីនេះ អគ្គនាយកដ្ឋានពាក់ព័ន្ធ ត្រូវជួយសម្របសម្រួល ធ្វើយ៉ាងណាឲ្យកសិករ និងសហគមន៍កសិកម្ម អាចខ្ចីប្រាក់នេះបាន យកមកប្រើប្រាស់ ដើម្បីបង្កើនផលិតកម្មរបស់ខ្លួន កាន់តែរីកចម្រើនទ្វេរទៀត។

ទី៦. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តទាំងអស់ ត្រូវសហការឲ្យបានសកម្ម ក្នុងការពង្រឹងរចនាសម្ព័ន្ធ សហគមន៍កសិកម្ម ភ្នាក់ងារពេទ្យសត្វភូមិ សហគមន៍ព្រៃឈើ និងសហគមន៍នេសាទ។ គ្រប់អង្គភាព ត្រូវគិតគូរបន្ថែមទៀត អំពីការប្រើប្រាស់ថវិកា ឲ្យបានសមស្របទៅ តាមអាទិភាពនៃសកម្មភាពដែលបានរៀបចំក្នុងផែនការថវិកាឆ្នាំ២០២០ នេះក្នុងស្មារតីសន្សំ សំចៃខ្ពស់។ ត្រូវត្រៀមរៀបចំលក្ខណ:សម្បត្តិ ឲ្យបានគ្រប់គ្រាន់ ដើម្បីចាប់ផ្តើមការងារ បង្កបង្កើនផលឆ្នាំ២០២០-២០២១ ឲ្យបានទាន់ពេលវេលា។

ទី៧. អគ្គនាយកដ្ឋានសុខភាពសត្វ និងរដ្ឋបាលជលផល ត្រូវសហការធ្វើការជាយវិស័យឯកជន ក្នុងការផលិតចំណីសត្វ ការចិញ្ចឹមសត្វ និងត្រីធានាទាំងបរិមាណ និងគុណភាព ដើម្បីបង្កើនផលិតភាពផលិតកម្ម ជាពិសេសបង្កើនដៃគូ ជាមួយកសិករ។

ទី៨. អង្គភាពអគ្គនាយកដ្ឋានទាំង៣ រួមទាំងមន្ទីរទាំង២៥ រាជធានី-ខេត្ត ត្រូវសហការទប់ស្កាត់ការនាំចូល កសិផលខុសច្បាប់ ដើម្បីការពារតម្លៃកសិផលក្នុងស្រុក និងបើកឱកាសឲ្យផលិតករក្នុងស្រុក។

សូមរំលឹកថា អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីណែនាំចំនួន៤ ដើម្បីឲ្យអង្គភាពជំនាញ អង្គភាពគ្រប់គ្រងគម្រោង និងមន្ទីរយកទៅអនុវត្ត ឲ្យបានទាន់ពេលវេលា ដែលសេចក្តីណែនាំ (ស.ណ.ន) នោះមាន៖ ទី១. ស.ណ.ន លេខ១៣២ ចុះថ្ងៃទី២៦ ខែមីនា ស្តីពី “ការអនុវត្តវិធាន ការឆ្លើយតបជាបន្ទាន់របស់កម្មវិធី និងគម្រោងអភិវឌ្ឍនានា ក្នុងបរិបទនៃការរាត ត្បាតជាសកលនៃជំងឺកូវីដ-១៩”។ ទី២. ស.ណ.ន លេខ១៥២ ចុះថ្ងៃទី០៣ ខែមេសា ស្តីពី “វិធានការជំរុញ ការងារបង្កបង្កើនផលកសិកម្ម នៅក្នុងរដូវវស្សាឆ្នាំ២០២០- ២០២១”។ ទី៣. ស.ណ.ន លេខ១៥៩ ចុះថ្ងៃទី៩ ខែមេសា ស្តីពី “ការពិនិត្យសន្និធិស្បៀង សម្រាប់ឆ្លើយតបទៅនឹងហានិភ័យ នៃជំងឺកូវីដ- ១៩” និងទី៤. ស.ណ.ន លេខ១៦០ ចុះថ្ងៃទី១០ ខែមេសា ស្តីពី “វិធានការបន្ទាន់ ដើម្បីដោះស្រាយបញ្ហា នៃការធ្លាក់ចុះថ្លៃផលិតផលផ្លែស្វាយ”៕ ដោយ៖ បាន ធារ៉ូ

To Top