ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ស្នើឲ្យអាជ្ញាធរចាត់វិធាន ចំពោះអង្គការ មិនមែនរដ្ឋាភិបាល ធ្វើសកម្មភាព ដោយមិនមានច្បាប់ត្រឹមត្រូវ

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានស្នើឲ្យ អាជ្ញាធរពាក់ព័ន្ធជួយតាមដានពិនិត្យ និងចាត់វិធានការ តាមច្បាប់ ទៅលើអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមណា ដែលធ្វើសកម្មភាពដោយ មិនមានច្បាប់ត្រឹមត្រូវ។

ថ្មីៗនេះ ក្រសួងបរិស្ថាន បានពិនិត្យឃើញថា មានអង្គការមិនមែនរដ្ឋាភិបាល និងសមាគម មួយចំនួន ដែលពុំបានចុះបញ្ជី ឬកិច្ចព្រមព្រៀងត្រឹមត្រូវតាមច្បាប់ បាននិងកំពុងធ្វើសកម្មភាព យ៉ាងអនាធិបតេយ្យ ក្នុងតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមសមត្ថកិច្ច គ្រប់គ្រងរបស់ ក្រសួងបរិស្ថាន។

យោងតាមសេចក្តីថ្លែងការណ៍របស់មន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០ ២០ បានឲ្យដឹងថា សកម្មភាពបំពានលើច្បាប់យ៉ាងគឃ្លើនបែបនេះ ដោយជ្រកក្រោមស្លាក ជាអ្នកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ គឺជាចេតនាទុច្ចរិត ក្នុងការធ្វើវិទ្ធង្សនាប្រឆាំង នឹងរាជរដ្ឋាភិបាល លើការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិតែប៉ុណ្ណោះ។

ក្រសួងបរិស្ថាន បន្ថែម ថា «ចំពោះអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមណា ដែលនៅតែបន្តបំពាន ធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ និងខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន គ្មានជម្រើសអ្វីក្រៅពីការអនុវត្តវិធានការច្បាប់ ជាពិសេសច្បាប់ ស្តីពី តំបន់ការពារធម្មជាតិ ដើម្បីទប់ស្កាត់ និងបញ្ឈប់សកម្មភាព បែបនេះទេ។ហើយក្រសួងក៏ស្នើសុំ ឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយតាមដានពិនិត្យ និងចាត់វិធានការតាមច្បាប់ ទៅលើអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមណា ដែលធ្វើសកម្មភាពដោយមិនមានច្បាប់ត្រឹមត្រូវ»។

ក្រសួងបរិស្ថាន គ្មានផលប្រយោជន៍ អ្វីទៅប្រឆាំងនឹងអ្នកស្រឡាញ់ និងចូលរួមការពារធនធាន ធម្មជាតិឡើយ។ ប៉ុន្តែតម្រូវឲ្យទាំងអស់គ្នា គោរពច្បាប់ជាធរមាន និងធ្វើសកម្មភាពស្របតាម ច្បាប់កំណត់ និង ដោយក្តីស្មោះត្រង់ក្នុងភាពជាដៃគូ ដើម្បីរួមកម្លាំងគ្នា ថែរក្សាធនធានធម្មជាតិ កម្ពុជាឲ្យបានគង់វង្ស សម្រាប់មនុស្សរាប់ ជំនាន់តទៅមុខទៀត។

ក្រសួងបរិស្ថាន គូសបញ្ជាក់សាជាថ្មីថា ក្រសួងសូមស្វាគមន៍អង្គការមិនមែនរដ្ឋាភិបាល ឬសមាគម ដែលបានចុះបញ្ជី និងកិច្ចព្រមព្រៀងត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ ឲ្យចូលរួម ក្នុងការងារ ការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងការងារ លើកស្ទួយជីវភាពរស់នៅ របស់ប្រជាសហគមន៍ដែលរស់នៅក្នុង និងក្បែរតំបន់ការពារ ធម្មជាតិ ដើម្បីបុព្វហេតុសម្បត្តិធម្មជាតិ របស់យើងទាំងអស់គ្នា។

បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បាននិងកំពុងគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលរួមមាន តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ សរុបចំនួន ៦០ កន្លែង គ្របដណ្តប់លើផ្ទៃដី ប្រមាណជាង ៧,២ លានហិកាតា ស្មើប្រមាណ ៤១% នៃផ្ទៃដីសរុបរបស់កម្ពុជា។ មន្ត្រី ឧទ្យានុរក្សនៃក្រសួងបរិស្ថានចំនួន ១២៦០នាក់ ឈរជើងនៅតាមតំបន់ការពារ ធម្មជាតិ នីមួយៗ បាននិងកំពុងធ្វើសកម្មភាពល្បាត ការពារ និងអភិរក្សធនធានធម្មជាតិ ដោយមាន ការចូលរួម និងកិច្ចសហការល្អពីសំណាក់អាជ្ញាធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហគមន៍ មូលដ្ឋានពាក់ព័ន្ធទាំងយប់ទាំងថ្ងៃ។

ទន្ទឹមនឹងនេះដែរ ក្រសួងបរិស្ថានបាននិងកំពុងពង្រឹង និងពង្រីកកិច្ចសហការជាមួយអង្គការ មិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សមាគម ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាននានា ដើម្បី លើកកម្ពស់ប្រសិទ្ធភាពការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ក៏ដូចជា ជំរុញការងារ កំណត់ និងបែងចែកតំបន់គ្រប់គ្រង ការបោះបង្គោលព្រំប្រទល់ ការរៀបចំផែន ការគ្រប់គ្រង និងការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិ ព្រមទាំងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រីឧទ្យានុរក្ស និងការលើកកម្ពស់ជីវភាព ប្រជាសហគមន៍មូលដ្ឋាន ផងដែរ។

ក្រសួងបរិស្ថាន អំពាវនាវឲ្យអង្គការមិនមែនរដ្ឋាភិបាល ឬសមាគម នានា ដែលបាន និងកំពុងធ្វើសកម្មភាព ដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ បញ្ឈប់សកម្មភាពបែប នេះជាបន្ទាន់ ដើម្បីចៀសវាងការប្រឈមមុខដាក់គ្នាតាមផ្លូវច្បាប់។

ក្រសួងបរិស្ថាន លើកទឹកចិត្តឲ្យអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សមាគម ដៃគូអភិវឌ្ឍន៍ និងសហគមន៍ មូលដ្ឋានទាំងអស់ ដែលមានទឹកចិត្តស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ ផ្តល់កិច្ចសហការឱ្យបាន កាន់តែជិតស្និទ្ធ និងខ្លាំងក្លាបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាព និងសកម្មភាពការពារ និងអភិរក្ស ធនធានធម្មជាតិដ៏មាន តម្លៃរបស់កម្ពុជា សម្រាប់មនុស្ស រាប់ជំនាន់តទៅមុខទៀត៕

ដោយ ៖ អេង ប៊ូឆេង

To Top