សៀមរាប: បុរសវ័យចំណាស់ ២នាក់ បានស្លាប់ដោយសារគ្មានខ្យល់ (អុកស៊ីហ៊្សែន) ខណៈដែលគាត់ចុះស្តារអណ្តូងលូ ក្នុងជម្រៅ៦ម៉ែត្រ ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យឿម.រ៉ាត់ អាយុ៥៩ឆ្នាំ រស់នៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងម្នាក់ទៀតឈ្មោះ សុខ សៀន អាយុ៤១ឆ្នាំ រស់នៅភូមិលលៃ.ឃុំបាគង.ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចបានបន្តថា មូលហេតុគឺចុះស្តារអណ្តូងលូ ក្នុងជម្រៅ៦ម៉ែត្រ ដោយសារគ្មានអុកស៊ីហ៊្សែន បណ្តាលឲ្យស្លាប់ជាបន្តបន្ទាប់គ្នា ។ សពជនរងគ្រោះទាំង២នាក់ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
កន្លងមកករណីដូចនេះ ធ្លាប់កើតឡើងជារឿយៗច្រើនមកហើយ ប៉ុន្តែពលរដ្ឋហាក់នៅតែមានការធ្វេសប្រហែស សូមបងប្អូនដែលប្រើប្រាស់ អណ្ដូងលូមេត្តាប្រុងប្រយ័ត្ន មុននិងចុះត្រូវស្ទាបស្ទង់ដោយការប្រើវិធីពិសោធន៍ ដាក់ចង្កៀង ឬដាក់សត្វមាន់ចុះទៅជាមុន ដើម្បីមើលពីស្ថានភាពសិន ៕