ពោធិសាត់ ៖ ថវិកាចំនួន ២១១ ០០០ដុល្លារ ដែលទទួលបានមក ពីការចូលរួមចែករំលែក របស់អង្គភាពអគ្គីសនីកម្ពុជា អាជ្ញាធរអគ្គីសនីកម្ពុជា សប្បុរសជន និង បណ្តាក្រុមហ៊ុននានា យកមកប្រគល់ជូន ដល់សាខាកាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ដើម្បីទុកប្រើប្រាស់ ក្នុងពេលដែលប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ជួបកង្វះខាត និងអ្នកងាយរងគ្រោះ និងជួបឧប្បទ្ទហេតុផ្សេងៗ ។
ពិធីប្រគល់ និង ទទួលអំណោយជាថវិកា នាព្រឹកថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២០នោះដែរ ក្រោមអធិបតី លោកកែវ រតនៈ រដ្ឋមន្រ្តី ប្រតិភូរាជរដ្ឋាភិបាល អមនាយករដ្ឋមន្រ្តី ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា និង លោកម៉ៅ ធនិន អភិបាល នៃ គណះអភិបាលខេត្ត និង ជា ប្រធានគណះកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញ ចូលរួមពីមន្ត្រីរាជការក្រោម ឱវាទជាច្រើនរូបទៀតផងដែរ។
លោក កែវ រតនៈ បានមានប្រសាសន៍ ក្នុងពិធីប្រគល់ថវិកានាឱកាសនោះថា ដើម្បីចូលរួមអបអរសាទរខួបលើកទី ១២៧ ទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ”ខ្ញុំស្រលាញ់សន្តិភាព និង កាកបាទក្រហមកម្ពុជា”។
លោក កែវ រតនៈ បានសម្តែងការកោតសរសើរ ចំពោះសប្បុរសជន ក្នុងជួរគណៈកម្មាធិការ មន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត និងថ្នាក់ដឹកនាំគ្រប់ផ្នែក ដែលបានខិតខំបំពេញតួនាទី លើវិស័យមនុស្សធម៌ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ទទួលបានជោគជ័យ ជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋរងគ្រោះ ដោយប្រការផ្សេងៗបានទាន់ពេលវេលា ៕