ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹង ថា សេចក្តីព្រាងច្បាប់ ស្តីពី ការប្រឆាំងការរីកសាយភាយ ហិរញ្ញប្បទាន អាវុធមហាប្រល័យ និងសេចក្តីព្រាងច្បាប់ ស្តីពី ការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នឹងបញ្ជូន ទៅគណៈរដ្ឋមន្ដ្រី ក្នុងពេលឆាប់ៗ ខាងមុននេះតែយ៉ាងណាថ្ងៃ ជាក់លាក់ក្នុងការបញ្ជូន សេចក្ដីព្រាងច្បាប់ ទាំងពីរ ទៅគណៈរដ្ឋមន្ដ្រី មិនទាន់ត្រូវបានឲ្យដឹងនោះទេ។
ក្នុងកិច្ចប្រជុំ អន្តរក្រសួង ដើម្បីពិនិត្យ និងកែសម្រួលសេចក្ដីព្រាងច្បាប់ទាំងពីរនេះ នាព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានថ្លែងថា សេចក្ដីព្រាងច្បាប់ទាំងពីរនេះ នឹងបញ្ជូនទៅគណៈរដ្ឋមន្ដ្រីអនុម័ត ក្នុងពេលតែមួយ ផងដែរ។
សម្ដេច មានប្រសាសន៍ថា «សេចក្តីព្រាងច្បាប់ ស្តីពី ការប្រឆាំងការរីកសាយ ភាយ ហិរញ្ញប្បទាន អាវុធមហាប្រល័យ គេតម្រូវឲ្យយើងបញ្ចប់ សម្រេចបាននៅច្បាប់នេះ ក្នុងអំឡុង ខែឧសភា ឆ្នាំ២០២០ ។ចំណែក សេចក្តីព្រាងច្បាប់ ស្តីពី ការប្រឆាំងការសម្អាត ប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងអំឡុង ខែកញ្ញា ឆ្នាំ២០២០ ប៉ុន្ដែមានបំណងថា ចង់យក ច្បាប់ទាំងពីរនេះ ទៅឆ្លងគណៈរដ្ឋមន្ដ្រី ព្រមជាមួយគ្នាតែម្ដង»។
ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានកោតសរសើរ ចំពោះ ក្រុមការងារអន្ត រក្រសួង ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យសេចក្ដីព្រាងច្បាប់ទាំងពីរនេះ អាចឈានទៅបញ្ចប់កា រតាក់តែងបានទាន់ពេលវេលា នៅមុនដំណាច់ ខែមេសា ឆ្នាំ២០២០ តាមការគ្រោងទុក។
រដ្ឋមន្ដ្រីមហាផ្ទៃ បន្ដថា សេចក្ដីព្រាងច្បាប់ទាំងពីរនេះ ធ្វើឡើងដើម្បីឆ្លើយតប នឹងការ វិវត្តន៍សង្គមផង និងដើម្បីឲ្យស្របទៅនឹងបទដ្ឋានអន្តរជាតិដែលតម្រូវឲ្យកម្ពុជា មានយន្ត ការជាក់លាក់។
សូមរំលឹកថា ដោយសារភាពខ្វះខាតនៃច្បាប់ ស្តីពី ការប្រឆាំងការរីកសាយភាយ ហិរញ្ញប្បទាន អាវុធមហាប្រល័យ និងច្បាប់ ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ទើបធ្វើឲ្យកម្ពុជាត្រូវបានគេចាត់ចូលជាប្រទេសស្ថិតក្នុងបញ្ជីប្រផេះ ជាប្រទេសមានហានី ភ័យខ្ពស់ ធ្វើឲ្យអ្នកវិនិយោគមានការរារែក និងអាចប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច។ ប្រសិនបើកម្ពុជានៅតែបន្តភាពខ្វះខាតច្បាប់នេះទៀត នោះនឹងអាចប្រឈមចុះក្នុងបញ្ជីខ្មៅ ៕
ដោយ ៖ អេង ប៊ូឆេង