ព័ត៌មានជាតិ

ក្រសួងការងារ សុំចិត្ត ពលករនៅកូរ៉េ កុំអាលមកលេងខ្មែរ បើមកគេអាចលុប ទិដ្ឋាការចោលហើយ

ភ្នំពេញ ៖ លោក ហេង សួរ អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការ អំពាវនាវ ទៅដល់ពលករនៅកូរ៉េ កុំអាលមកលេងស្រុកខ្មែរ បើមកត្រូវដាក់ដោយឡែក១៤ថ្ងៃ ហើយពេលទៅវិញ ត្រូវដាក់១៤ថ្ងៃទៀត ជាពិសេសនោះ គេអាចនឹងលុប ទិដ្ឋាការចោល ទៀត។

លោក ហេង សួរ បានសរសេរនៅលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ថា «សូមបងប្អូនពលករនៅកូរ៉េ កុំអាលមកលេងខ្មែរ បើមកត្រូវដាក់ដោយឡែក ១៤ថ្ងៃ ពេលទៅវិញគេឃាត់១៤ថ្ងៃ ហើយអាចគេលុប ទិដ្ឋាការចោលទៀត។ អត់ធ្មត់សិនទៅបងប្អូន! ដំណាក់កាលការរីករាលដាល នៃជំងឺ កូវីដ-១៩ នេះសូមប្រយ័ត្ន ប្រយ៉ែង»។

លោកបន្ដថា ពលករទាំងអស់ ត្រូវខំថែរក្សាការងារ ដែលមានក្នុងដៃឲ្យបានគង់ ក្នុងដំណាក់កាលនេះ និយោជកខ្លះគាត់ក៏លំបាក ហើយចង់តែកាត់បុគ្គលិកចោលទេ។ ដូច្នេះ ពលករ កុំផ្តល់លេសស្របច្បាប់ឲ្យទៅគេ ព្រោះអនាគតវានៅលើការសម្រេចចិត្ត របស់ពួកគេ បើសម្រេចចិត្តខុស សូមកុំបន្ទោសគេ៕

ដោយ ៖ អេង ប៊ូឆេង

To Top