ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណ ដល់គ្រូពេទ្យ រួមគ្នាលើការងារព្យាបាល និងទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានថ្លែងកោតសរសើរនិង សម្តែងអំណរគុណ ដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានរួមសហការ លើការងារព្យាបាល និងទប់ស្កាត់ ការឆ្លងរាលដាល នៃជម្ងឺកូវីដ១៩ រហូតមកដល់ថ្ងៃនេះ ។

លោកអភិបាលខេត្ត បានលើកឡើង ដូច្នេះនៅក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យ ដែលបានធ្វើឡើង នៅព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២០ នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានថ្លែងរំលឹកថា កន្លងមកអ្នកជំងឺកូវីដ ១៩ បានសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តសរុបចំនួន ១៦នាក់ ស្រី៤នាក់ ប្រុស ១២នាក់ ក្នុងនោះមានជនជាតិ អង់គ្លេសចំនួន ០៥នាក់ អាមេរិកាំង ០២នាក់ ម៉ាឡេស៊ី០៨នាក់ និងខ្មែរ០១នាក់ ។ អ្នកជំងឺកូវីដ១៩ ដែលមាននៅក្នុងខេត្តកំពង់ចាម គឺជាករណីឆ្លងនៅបរទេស ហើយនាំចូលមក មានចំនួន ១៥ នាក់ និងមានជនជាតិខ្មែរ ០១នាក់ បានឆ្លងនៅក្នុងប្រទេស គឺជាអ្នកធ្វើការ ផ្ទាល់ និងស្នាក់នៅជាមួយជនជាតិម៉ាឡេស៊ី ដែលមានជំងឺកូវីដ១៩ ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា មក ដល់ពេលនេះអ្នកជំងឺកូវីដ ១៩ ទាំងអស់ បានព្យាបាលជាសះស្បើយ និងចេញពីមន្ទីរពេទ្យអស់ហើយ បច្ចុប្បន្នពុំមានអ្នក
ជំងឺកូវីដ១៩ សម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យខេត្តឡើយ ។

ម្យ៉ាងទៀត ដោយអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹងការរាតត្បាតនៃជម្ងឺកូវីដ១៩ គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានផ្ដល់ខិតប័ណ្ណផ្សព្វផ្សាយ អំពីអនាម័យចំនួន៤៥.៩៣៨សន្លឹក សាប៊ូចំនួន ៣.០០០ដុំ ដល់មូលដ្ឋាន។

ទន្ទឹមនិងនេះ រដ្ឋបាលក្រុង-ស្រុក ឃុំ- សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ និងមណ្ឌលសុខភាពឃុំ-សង្កាត់ នៅតែបន្តធ្វើការអប់រំដល់ប្រជាពលរដ្ឋឲ្យចេះរក្សាអនាម័យ សម្អាតខ្លួនប្រាណ លាងដៃជាប់ជាប្រចាំ និងចេះប្រើប្រាស់ម៉ាស់ ឬក្រម៉ា នៅពេលក្អក ឬកណ្ដាស់ តាមរយៈឧស្ងោសនសព្ទចល័តតាមទីប្រជុំជនក្នុងក្រុង-ស្រុក និងអចល័ត តាមសាលាឃុំសង្កាត់ ទីវត្តអារាម វិហារសាសនា និងមានផ្សព្វផ្សាយតាមខ្នងផ្ទះ និងធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គម។

ដោយឡែក ចំពោះពលករ ពលការិនី ដែលបានអនុវត្តចត្តាឡីស័ក ដោយស្នាក់នៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ មកទល់នឹងថ្ងៃនេះ មានចំនួន២. ៩២៦នាក់ បានសមាហរណកម្មទៅក្នុងសហគមន៍ និងគ្រួសារវិញ នៅសល់ចំនួន ១១០នាក់ កំពុងបន្តអនុវត្តន៍ ៕

To Top