ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ បន្ទាប់ពីរូបគេធ្វើសកម្មភាព លួចម៉ូតូ០១គ្រឿង ម៉ាកស៊ុយស៊ូគីវីវ៉ា ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AA-9898 នៅចំណុចផ្ទះលេខ៣CE0 ផ្លូវលេខ១១ ភូមិ៣ សង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ។
ជនសង្ស័យឈ្មោះ ទុន សុភា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ និងទីលំនៅបច្ចុប្បន្ន ក៏មិនពិតប្រាកដផងដែរ ។ ក្រោយពីជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌ៧មករា សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២៣និង៣០នាទី កម្លាំងអាវុធ ហត្ថខណ្ឌ៧មករា បានប្រទះឃើញជនសង្ស័យ ដែលមានភិនភាគដូចក្នុងកាមេរ៉ាសុវត្ថិភាព កំពុងដើរនៅចំណុចផ្លូវ២១៤ កែងផ្លូវ១១៣ សង្កាត់បឹងប្រលិត ខណ្ឌ៧មករា ក៏បានធ្វើការឃាត់ខ្លួន ជនសង្ស័យយកមកសាកសួរ និងចាត់ការតាមនីតិវិច្បាប់ ។
តាមចម្លើយសារភាព របស់ជនសង្ស័យបានឲ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ម៉ាកស៊ុយស៊ូគីវីវ៉ា ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AA-9898 នៅចំណុចផ្ទះលេខ៣CE0 ផ្លូវលេខ១១ ភូមិ៣ សង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ពិតប្រាកដមែន។ បន្ទាប់ពីលួចបានរូបខ្លួនបានយកម៉ូតនោះ ទៅដាក់បញ្ចាំ ក្នុងតម្លៃ៧០ដុល្លារ ហើយក៏យកប្រាក់នោះទៅទិញគ្រឿងញៀន មកសេព។ លុះនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ច អាវុធហត្ថឃាត់ខ្លួនបានតែម្តង ។
សូមបញ្ជាក់ផងដែរថា ជនសង្ស័យខាងលើធ្លាប់ជាប់ នៅមណ្ឌលកែប្រែឱកាសខ្ញុំ រយៈពេល៣ខែ ពីបទប្រើប្រាស់គ្រឿងញៀន ម្តងរួចមកហើយ។
បច្ចុប្បន្នជន សង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕