ភ្នំពេញ ៖ ក្រោយទទួលបាន អំណោចពីសប្បុរសជន នូវសម្ភារៈការពារ មេរោគកូវីដ១៩ ជាបន្តបន្ទាប់នោះ លោកអភិបាលរាជធានីភ្នំពេញ លើកឡើងថា ទឹកចិត្តរបស់សប្បុរសជនតាមរយៈសកម្មភាព មនុស្សធម៌ ដូចជាការផ្តល់ជាអំណោយ ម៉ាស់ ទឹកអាល់កុល ជែលសំរាប់លាងដៃ និងសម្ភារៈសំរាប់បរិភោគ ស្តែងឲ្យឃើញ ពីការគិតគូរ និងក្តីអាណិតស្រឡាញ់ ចំពោះជនរួមជាតិ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីប្រគល់ និងទទួលសំភារៈម៉ាស់ និងទឹកបរិសុទ្ធពីលោក PENG TING GANG ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន T.C.U POLYS ENTERPRISE CO.,LTD. នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះថា ឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិ បាននិងកំពុងជួបប្រទះ នឹងគ្រោះភ័យ នៃការរាតត្បាត នៃមេរោគកូវីដ–១៩នេះ ខណៈដែលជម្ងឺនេះ បាននិងកំពុងរីករាលដាល នៅលើពិភពលោក ហើយប្រទេសកម្ពុជា ក៏ជាប្រទេសមួយ មានបញ្ហាប្រឈម នឹងជំងឺនេះផងដែរ។
លោកអភិបាលរាជធានីភ្នំពេញ បានបន្ថែមឲ្យដឹងថា តាមរយៈកាយវិការ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែក យ៉ាងសំខាន់ជាមួយរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវ របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ–១៩ នៅរាជធានីភ្នំពេញ ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទាន់ពេលវេលា ៕ ដោយ៖ ដារាត់