ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡាសម្រេចផ្អាកប្រកាស ការផ្ទេរក្របខណ្ឌមន្រ្តីរាជការនិងផ្អាកការជ្រើសរើសក្របខណ្ឌគ្រូបង្រៀន ឲ្យចូលបម្រើការងារ នៅតាមក្រសួង ស្ថាប័ន អង្គភាព ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ជាបណ្ដោះអាសន្ន សម្រាប់ឆ្នាំ២០២០នេះ។
យោងតាមលិខិត របស់ក្រសួងអប់រំ យុវជននិងកីឡា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០បានឲ្យដឹងថា ការផ្អាកបណ្ដោះអាសន្ន នៃការនៃការជ្រើសរើសមន្រ្តីរាជការថ្មី សម្រាប់ឆ្នាំ២០២០នេះដែល នឹងធ្វើឲ្យវិស័យអប់រំ យុវជននិងកីឡា ប្រឈមនឹងការខ្វះខាតគ្រូបង្រៀន កាន់តែខ្លាំងផងដែរ។
ទាក់ទងជាមួយបញ្ហានេះ ក្រសួងសូមធ្វើការណែនាំ មួយចំនួន ដល់មន្ទីអប់រំ យុវជននិងកីឡា ទូទាំងរាជធានី-ខេត្ត៖ត្រូវប្រើប្រាស់ធនធានមន្រ្តីរាជការ និងគ្រូបង្រៀនដែលមានស្រាប់ឲ្យអស់លទ្ធភាព តាមរយៈការរឹតបន្តឹងការគ្រប់គ្រងអនុវត្តមានមន្រ្តីរាជការ និងការអនុញ្ញាតច្បាប់នានា ដែលពុំមានការចាំបាច់។ត្រូវបន្តពិនិត្យនិងបែងចែកភារកិច្ច ជូនមន្រ្តីរាជការនិងគ្រូបង្រៀនឲ្យបានសមស្រប តាមគោលការណ៍ណែនាំនិងតាមសមត្ថភាព របស់សាមីខ្លួនម្នាក់ៗ ព្រមទាំងត្រូវធ្វើការវាយតម្លៃ លទ្ធផលការងារជាប្រចាំ។មិនត្រូវអនុញ្ញាត ឲ្យមន្រ្តីរាជការ និងគ្រូបង្រៀនដែលកំពុងបម្រើការងារ នៅក្រោមឱវាទ (ផ្ទេរក្របខណ្ឌទៅក្រសួង ស្ថាប័ននានា)។លើកលែងតែមន្រ្តីរាជការ ឬគ្រូបង្រៀននោះ ត្រូវបានតែងតាំងក្នុងមុខតំណែងណា នៃក្រសួង ស្ថាប័នថ្មីរួចហើយ៕
ដោយ៖ធី លីថូ