ភ្នំពេញ ៖ លោក សៀ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងធម្មការ ទទួលបន្ទុកសាសនាគ្រឹស្ត បាន ឲ្យដឹងថា ប្រសិនបើជំងឺ កូវីដ-១៩ អូសបន្លាយពេលយូរ គ្រីស្តបរិស័ទនៅកម្ពុជាទាំងអស់ នឹង មិនប្រារព្ធពិធីបុណ្យណូអែល ប៉ុន្ដែពួកគាត់អាចរៀបចំពិធីបុណ្យណូអែល នៅតាមគេហដ្ឋាន បាន ជាលក្ខណៈគ្រួសារ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាពនៃការប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ របស់សហ គមន៍ គ្រីស្ដសាសនា នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការ គណៈរដ្ឋមន្ដ្រី លោក សៀ សុភ័ក្រ្ត បានពន្យល់ថា ពិធីបុណ្យណូអែល ជាពិធីបុណ្យយ៉ាងសំខាន់សម្រាប់ គ្រីស្តបរិស័ទ ដើម្បីរំលឹក អំពី ព្រះយីស៊ូគ្រី ប្រសូត្រនៅលើភពផែនដី ដើម្បីមកសង្គ្រោះ មនុស្ស។
លោក មានប្រសាសន៍ថា «ប្រសិនក្នុងស្ថានភាពយើង កំពុងតែអូសបន្លាយបែបនេះ ខ្ញុំគិតថា ប្រហែល គ្រីស្តបរិស័ទ នៅក្នុងប្រទេសកម្ពុជាយើង លោកនឹងមិនប្រារព្ធពិធី បុណ្យណូ អែលទេ»។
លោកបន្ដថា គ្រីស្តបរិស័ទ ត្រូវគោរពតាមគោលការណែរបស់រាជរដ្ឋាភិបាល ។លោកជឿជាក់ ថា គ្រីស្តបរិស័ទ ទាំងអស់នឹងយកផលប្រយោជន៍រួម ជាធំ ដើម្បីរួមគ្នាទប់ស្កាត់ កូវីដ-១៩។
លោកបន្ថែមថា ទោះបីមិនប្រារព្ធពិធីបុណ្យណូអែល និងពិធីបុណ្យធំៗផ្សេងៗក៏ដោយ ប៉ុន្ដែអាចធ្វើពិធីបុណ្យណូអែលនៅតាមផ្ទះបាន។លោក រៀបរាប់ថា ពិធីបុណ្យណូអែល នៅមានរយៈពេលវែងទៀត ចំពោះការរៀបចំពិធីបុណ្យណូអែល។
រដ្ឋលេខាធិការក្រសួងធម្មការ ទទួលបន្ទុកសាសនាគ្រឹស្ត លើកឡើងថា បើសិន កូវីដ-១៩ មានភាពធូស្រាល ហើយក្រសួងសុខាភិបាល អនុញ្ញាត្តឲ្យ ក្រសួងអប់រំ យុវជន និងកីឡា បន្ដការសិក្សាជាធម្មតា ពិធីបុណ្យណូអែល នឹងអាចរៀបតាមនឹងដែរ ប៉ុន្ដែត្រូវមានការប្រុង ប្រយ័ត្នចំពោះ កូវីដ-១៩ គ្រប់ពេលវេលា ផងដែរ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២៨ មេសា នេះ ក្រសួងសុខាភិបាលកម្ពុជា បានព្យាបាលអ្នកឆ្លង ជំងឺ កូវីដ-១៩ បានជាសះស្បើយ ចំនួន១១៩នាក់ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺនេះ នៅសល់តែ៣នាក់ប៉ុណ្ណោះ ខណៈចំនួនអ្នកឆ្លងសរុប នៅកម្ពុជា មានចំនួន១២២នាក់៕ដោយ ៖ អេង ប៊ូឆេង
![](https://dap-news.com/wp-content/uploads/2020/04/638F29DE-82D5-4A1D-8905-7DD9A32002EC-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)