Covid-19

ថៃ សម្រេចដាក់ប្រទេស ក្នុងគ្រាអាសន្ន ១ខែបន្ថែមទៀត ដេីម្បីទប់ស្កាត់កូវីដ១៩

ភ្នំពេញ៖ ដោយសារសភាពការណ៍ នៃការីករាលដាលជំងឺឆ្លងកូវីដ១៩ នៅលើពិភពលោក នៅមិនទាន់បានថមថយនៅឡើយ លោក ប្រាយុទ្ធ ចាន់អូចារ នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ បានសម្រេច ប្រកាសដាក់ប្រទេសរបស់ខ្លួន ក្នុងគ្រាមានអាសន្ន រយៈពេល ១ខែបន្ថែមទៀត ។

យោងតាមសេចក្ដីជូនដំណឹង របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កាលពីថ្ងៃទី២៨ មេសា បានឲ្យដឹងថា រាជរដ្ឋាភិបាលថៃដាក់ប្រទេស ក្នុងគ្រាអាសន្នរយៈពេល ១ខែបន្ថែមទៀត។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរ មេត្តាជ្រាបជាព័ត៌មាន និងសហការណ៍ជាមួយ អាជ្ញាធរថៃ ក្នុងការអនុវត្តតាម វិធានការនានាឱ្យបានខ្ជាប់ខ្ជួន ដូចខាងក្រោម៖

-បន្តដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេល ១ខែបន្ថែមទៀតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ខែឧសភាឆ្នាំ២០២០។

-បន្តអនុវត្តបម្រាមគោចរ ដែលហាមប្រជាពលរដ្ឋមិនឲ្យ ចេញពីផ្ទះចាប់ពីម៉ោង ១០យប់ដល់ម៉ោង ៤ព្រឹក។

-តម្រូវឲ្យមានការរឹតត្បិត នៃការផ្លាស់ទីរបស់ប្រជាពលរដ្ឋ រួមទាំងការធ្វើដំណើរពី ខេត្តមួយទៅខេត្តមួយ និងហាមមិនឲ្យប្រមូលផ្ដុំគ្នាជាសាធារណៈ។

-បន្តហាមមិនឲ្យមានជើងហោះហើរ ពាណិជ្ជកម្មទាំងអស់ ចូលប្រទេសថៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ឧសភា ឆ្នាំ២០២០ លើកលែងតែយន្តហោះយោធា ឬរដ្ឋការចុះចតបន្ទាន់ ការចុះចតដោយសារបញ្ហាបច្ចេកទេស យន្តហោះជំនួយមនុស្សធម៌ វេជ្ជសាស្រ្ត ឬសម្ភារសង្រ្គោះពាក់ព័ន្ធនឹងកូវីដ១៩ យន្តហោះដឹកពលរដ្ឋថៃចូលប្រទេសវិញ និងយន្តហោះដឹកជញ្ជូនទំនិញ។

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋខ្មែរនៅថៃទាំងអស់ មេត្តាបន្តចូលរួមសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធថៃ ក្នុងការអនុវត្តតាមវិធានការនានា របស់រាជរដ្ឋាភិបាលថៃឲ្យ បានខ្ជាប់ខ្ជួននិងកាន់តែសកម្មថែមទៀត ដើម្បីចូលរួមទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់។ ដោយឡែកចំពោះវិធានការលម្អិត បន្ថែមស្ថានទូតនឹង ជូនដំណឹងជាបន្តបន្ទាប់ ៕

To Top