Covid-19

គម្រោងផ្លូវជាតិលេខ៥ ភាគខាងជើង សម្រេចបាន ៨០,០២%

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា វឌ្ឍនភាពនៃការអនុវត្តគម្រោង ធ្វើឲ្យប្រសើរឡើងនូវ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណដែលមានប្រវែង ៨៤,៧៤គីឡូម៉ែត្រ សម្រេចបាន ៨០,០២%ហើយ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួង សាធារណការ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា គម្រោងធ្វើឲ្យប្រសើរឡើង ផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) មានប្រវែងសរុប ចំនួន ៣៦៦ គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិ ការអន្តរជាតិជប៉ុន ប្រចាំកម្ពុជា។

ក្រសួងបន្ដថា ការងារស្ថាបនាត្រូវបានបែងចែក ជា៣ផ្នែក ធំៗ រួមមាន ៖ ទី១-ផ្នែកខាងជើង ,ទី២-ផ្នែកកណ្តាល និងទី៣-ផ្នែកខាងត្បូង ដោយមានការពង្រីកកំណាត់ផ្លូវជាតិ មានស្រាប់ពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) និងមានសួរ ច្បារចំកណ្តាល។

ក្រសួងបន្ថែមថា បច្ចុប្បន្នការអនុវត្តការងារស្ថាបនា បាននិងកំពុងធ្វើការក្រាលកៅស៊ូជាន់ទី២ នៅលើទីតាំងមួយចំនួន និងទីតាំងមួយចំនួនទៀត បាន បើកឲ្យប្រជាពលរដ្ឋធ្វើដំណើរ ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ចរាចរណ៍ឆ្លងកាត់។ ថ្នាក់ដឹកនាំ ភូមិ ឃុំ ស្រុក និង ប្រជាពលរដ្ឋដែលបាន ធ្វើដំណើរឆ្លងកាត់យល់ឃើញថា ផ្លូវដែលទើបសាងសង់រួចនេះ មានសភាពល្អ ងាយស្រួលបើកបរ ចំណេញ ពេលវេលា និងពិសេស ផ្តល់ភាពងាយស្រួល ក្នុងការ ប្រកបរបររកស៊ីប្រចាំថ្ងៃ និងការដឹកជញ្ជូនទំនិញ និងផលិតផលកសិកម្ម ដូចជា ស្រូវ អង្ករ បន្លែ និងផ្លែឈើ។

សម្រាប់គម្រោងធ្វើឲ្យ ប្រសើរឡើងវិញកំណាត់ ផ្លូវជាតិលេខ៥ ភាគកណ្តាល ចាប់ពីធ្លាម្អម ដល់ បាត់ដំបង មានប្រវែងសរុប ១៤៦,០៤គីឡូម៉ែត្រ ទទឹងប្រវែង២៣ម៉ែត្រ ពី២គន្លង ទៅ៤គន្លង ក្រាលកៅស៊ូ AC កម្រាស់១៥សង់ទីម៉ែត្រ សម្រេចបាន ១៤,៥០% ហើយ។

ចំពោះគម្រោងធ្វើឲ្យប្រសើរឡើង កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង ចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) មានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្ត ចំនួន៣រួមមាន ៖ ខេត្តកណ្តាល ប្រវែង ៤,២៥គីឡូម៉ែត្រ ខេត្តកំពង់ឆ្នាំងប្រវែង ៩៣,៥៤គីឡូម៉ែត្រ និងខេត្តពោធិ៍សាត់ប្រវែង ៣៧,៤៥គីឡូម៉ែត្រ ក្រាលបេតុងកៅស៊ូAC ចែកជា២គន្លងទៅ ២គន្លងមក គ្រោង រយៈពេលសាងសង់ចំនួន ៤៨ខែ គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ សម្រេចបាន ២៣,៩០% ហើយ៕

ដោយ៖ អេង ប៊ូឆេង

To Top