ព័ត៌មានជាតិ

មន្ត្រីក្រសួងធនធានទឹក និងអាជ្ញាធរខេត្តកំពង់ចាម រួមគ្នាជួសជុលទំនប់អាងទឹក ដើម្បីជាប្រយោជន៍ ដល់ប្រជាកសិករ

កំពង់ចាម ៖ មន្ត្រីជំនាញបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម រួមគ្នាជាមួយនឹងអាជ្ញាធរខេត្តកំពង់ចាម បានធ្វើការជួសជុលទំនប់អាងទឹក នៅទីតាំងក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ និងឃុំសំរោង ស្រុកព្រៃឈរ ដើម្បីជាប្រយោជន៍ដល់ប្រជាកសិករ បានទឹកស្រោចស្រពដំណាំ ដាំដុះ។

តាមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាម បានឲ្យដឹងថា នៅព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងលោក ឈា ប៊ុនរិទ្ធិ អគ្គនាយកកិច្ចការបច្ចេកទេស នៃ ក្រសួង ធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធ រួមជាមួយអាជ្ញាធរស្រុកព្រៃឈរ និងស្រុកជើងព្រៃ ចុះពិនិត្យការរដ្ឋានជួសជុលទំនប់អាងទឹក ដែលមានទីតាំងនៅក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ និងឃុំសំរោង ស្រុកព្រៃឈរ។

មន្ត្រីរដ្ឋបាលខេត្តបានបន្តថា ដើម្បីលើក កម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយ:ការបង្កើនលទ្ធភាព បង្កបង្កើនផលរបស់ប្រជាកសិករ ផងនោះ រដ្ឋបាលខេត្តកំពង់ចាម បានស្នើសុំទៅក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការជួសជុលទំនប់អាងទឹក នៅចំនុចទីតាំងដូចខាងលើ និងជួសជុលសំណង់សិល្បការ រួមមានជួសជុលទំនប់អាងទឹក ប្រវែង៣.៩០០ម៉ែត្រ និងទ្វារទឹកចំនួន ០៣កន្លែង។

មន្ត្រីដដែលបញ្ជាក់ថា ទំនប់អាងទឹកតំបន់ នោះ អាចរក្សាទឹកទុកបានចំនួន ១២លានម៉ែត្រត្រីគុណ សម្រាប់ស្រោចស្រពបន្ថែម លើផ្ទៃដីបង្កបង្កើនផលស្រូវវស្សា ៤៥២ ហិចតា ស្រូវប្រាំង១.២៥០ហិចតា និងដំណាំរួមផ្សំ ៤០ហិចតា ពោលគឺអាចផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ចំនួន ១០ភូមិ ក្នុងឃុំសំរោង ស្រុកព្រៃឈរ និងឃុំព្រៃចារ ស្រុកជើងព្រៃ ដែលក្នុងនោះ មានប្រជាពលរដ្ឋចំនួន៣.២១៣គ្រួសារ ដែលអាចអាស្រ័យលើអាងតំបន់នោះ៕

To Top