ព័ត៌មានជាតិ

ថៃ បញ្ជូនពលករខ្មែរ ៣នាក់ ទៅតុលាការ ដោយសារមិនព្រមបង់ពិន័យ លើការល្មើស បម្រាមទប់ស្កាត់ កូវីដ១៩

ភ្នំពេញ ៖ ពលករខ្មែរ ៣នាក់ ក្នុងចំណោម ១៧នាក់ ដែលនាំគ្នាជួបជុំផឹកស៊ីសប្បាយ មិនអនុវត្តតាមបម្រាម ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ របស់អាជ្ញាធរថៃ កាលពីអំឡុងបុណ្យ ចូលឆ្នាំខ្មែរនោះ ត្រូវបានអាជ្ញាធរថៃ រៀបចំនីតីវីធីបញ្ជូនទៅតុលាការ ដោយសារមិនព្រមបង់ប្រាក់ តាមការពិន័យ ។ នេះបើតាមការបញ្ជក់ របស់លោក កុយ គួង អ្នកនាំពាក្យ ក្រសួងការបរទេសខ្មែរ ។

សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០កន្លងទៅ អាជ្ញាធរថៃ បានឃាត់ខ្លួនពលករខ្មែរចំនួន ១៧នាក់ ក្រោយធ្វើបំពានបម្រាមហាមឃាត់ មិនឲ្យមានការជួបជុំគ្នា ក្នុងដំណាក់កាល ដែលថៃកំពុងប្រយុទ្ធប្រឆាំង ជាមួយជំងឺកូវីដ១៩ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោក អ៊ឺមែនែហ្ស៊ីលដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតទីម័រឡេស្ត នាព្រឹកថ្ងៃទី២៩ មេសានេះ លោក កុយ គួង បានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ផងដែរ កន្លងមក ដែលគេប្រកាសដាក់ប្រទេស ក្នុងគ្រាមានអាសន្ននេះ គេហាមមានការជួបជុំគ្នាច្រើន ហើយកន្លងមកនេះពលរដ្ឋយើង ១៧នាក់ ត្រូវបានឃាត់ខ្លួន ដោយសារគាត់ជួបជុំ ទទួលទានគ្រឿងស្រវឹង ហើយក្នុងច្បាប់ថៃ កាលណា បំពានច្បាប់ គេត្រូវតែបង់ពិន័យ ហើយពិន័យតាមខ្ញុំដឹង ៤ម៉ឺនបាត ដូច្នេះក្នុងចំណោម ១៧នាក់នេះ ១៤នាក់ បានបង់រួច ហើយត្រូវបានដោះលែង ឲ្យមកកន្លែងស្នាក់នៅវិញ រីឯ ៣នាក់ទៀត នៅតែមិនព្រមបង់ ដូច្នេះគេរៀបចំនីតិវិធីទៅតុលាការ» ។

លោកបន្ថែមថា ស្ថានទូតកម្ពុជាប្រចាំនៅថៃ កំពុងតែតាមដានរឿងនេះ ប៉ុន្តែទោះបីជាយ៉ាងណា លោកយល់ថា បើតុលាការថៃ សម្រេចយ៉ាងណា ក៏ប្រហែលមិនហួសពី ៤ម៉ឺនបាត នេះដែរ ។

សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធបញ្ហានេះកាលពីពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអំពាវនាវដល់ពលករ ពលការ នីដែលកំពុងរស់នៅធ្វើការក្រៅប្រទេស ជាពិសេសនៅប្រទេសថៃ ត្រូវគោរពតាមច្បាប់ និងបទបញ្ញាត្តិទាំងឡាយ ដែលប្រទេសគេបានដាក់ចេញ រួមទាំងច្បាប់បម្រាមគោចរ និងបម្រាមជួបជុំគ្នាជាក្រុម ឬជប់លៀងជាក្រុមដែលពេលនេះ ប្រទេសគេកំពុងមានការហាមឃាត់ តឹងរឹងបំផុតក្នុងការទប់ស្កាត់ ការចម្លងរោគកូវីដ-១៩ ៕ ដោយ៖ ខា ដា

To Top