ព័ត៌មានជាតិ

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ណែនាំដល់មេបញ្ជាការ កងទ័ពគ្រប់អង្គភាព ត្រូវប្រុងប្រយ័ត្ន កូវីដ-១៩ កុំមើលស្រាល ឲ្យសោះ

ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានធ្វើការ ណែនាំដល់មេបញ្ជាការ កងទ័ពគ្រប់អង្គភាព ទាំងអស់ ឲ្យបន្តមានការប្រុង ប្រយ័ត្នខ្ពស់ មិនត្រូវធ្វេសប្រហែស និងមិនត្រូវមើលស្រាល ស្ថានការណ៍ នៃជំងឺឆ្លងកូវីដ-១៩ឡើយ ។

យោងតាមសេចក្ដីណែនាំរបស់ អគ្គបញ្ជាការដ្ឋាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា តាមស្ថានភាព នៃការរីករាលដាល និងករណីស្លាប់ដោយសារជំងឺឆ្លង កូវីដ-១៩ នៅលើពិភពលោក ក៏ដូចជានៅ ក្នុងតំបន់ នៅតែបន្តកើនឡើងគួរ ឲ្យព្រួយបារម្ភ ទោះបីជាស្ថានភាព នៃការ រាតត្បាតជំងឺឆ្លងកូវីដ-១៩ នៅកម្ពុជា មានសភាពធូរស្រាល ដោយមានអ្នកជំងឺជាសះស្បើយ ស្ទើរទាំងស្រុង និងពុំមានករណីឆ្លងថ្មី នាពេលថ្មីៗនេះក្ដី ក៏សភាពការណ៍ ដ៏គួរអបអរសាទរនេះ ស្ថិតក្នុងដំណាក់កាល ផុយស្រួយនៅឡើយ ។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បញ្ជាក់ថា « អនុវត្តតាមការអំពាវនាវ នាពេលថ្មីៗ របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ សូមធ្វើការ ណែនាំដល់មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះអគ្គបញ្ជាការទាំងអស់ ឲ្យបន្តមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវ ធ្វេសប្រហែស និងមិនត្រូវមើលស្រាលស្ថានការណ៍នៃជំងឺឆ្លងកូវីដ-១៩ នេះឡើយ»។

នាយឧត្ដមសេនីយ៍ បន្ថែមថា គ្រប់កងឯកភាព ត្រូវបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមសេចក្ដីណែនាំ របស់អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ស្ដីពីការបង្ការ ការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លងកូវីដ-១៩ (Covid-19)។

សូមរំលឹកថា រហូតដល់ពេលនេះ ក្រសួងសុខាភិបាលកម្ពុជា បានព្យាបាលអ្នក ជំងឺកូវីដ-១៩ ជាសះស្បើយ សរុបចំនួន១១៩នាក់។ចំណែកអ្នកកំពុងសម្រាកព្យាបាលនៅសល់តែ ៣នាក់ប៉ុណ្ណោះ ខណៈចំនួនអ្នកឆ្លងសរុបនៅកម្ពុជា មានចំនួន១២២នាក់៕ដោយ ៖ អេង ប៊ូឆេង

To Top