ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ឯកសារចាំបាច់បំផុត ត្រូវមានក្នុងពេលបើកបរ ដែលមិនអាចអត់បាន គឺឆៀក រថយន្ដ និងបណ្ណបើកបរ ជាដើម ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០បានឲ្យដឹងថា ក្នុងពេលសមត្ថកិច្ចកំពុងរឹត បន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រជាពលរដ្ឋ និងក្មួយៗ ត្រូវយកចិត្តទុកដាក់ពិនិត្យរថយន្តរបស់ខ្លួន ថា តើដល់ ថ្ងៃឆៀកហើយឬនៅ? បើដល់ហើយត្រូវយកទៅឆៀកឲ្យបានទាន់ពេល ចៀសវាង ការផាកពិន័យក្នុងពេលបើកបរ។
សម្ដេចតេជោបន្ដថា ព្រោះតម្រូវការឆៀកនេះ ដើម្បីធានាសុវត្ថិភាព រថយន្តក្នុងពេលបើកបរ ដោយមិនបង្កគ្រោះថ្នាក់ផ្សេងៗ និងបង្កការបំពុលបរិស្ថានជាដើម។
សម្ដេចតេជោ បន្ថែមថា «ទន្ទឹមនឹងនេះដែរ បងប្អូនត្រូវមានប័ណ្ណបើកបរ ជាប់នឹងខ្លួនគ្រប់ពេល ក្នុងពេលបើកបរ។ ប្រសិនបើប័ណ្ណបើកបរផុតកំណត់ គឺត្រូវបន្តសុពលភាពឡើងវិញ»។
សម្ដេចតេជោបញ្ជាក់ថា ហាមដាច់ខាតបញ្ជាយាន យន្តនៅលើដងផ្លូវដោយគ្មានប័ណ្ណ ឬប័ណ្ណបើកបរផុតកំណត់ ដោយមិនបានបន្តឲ្យបានត្រឹមត្រូវ តាមច្បាប់ ដែលអាចប្រឈម នឹងការផាកពិន័យធ្ងន់ ។
បន្ថែមពីនេះសម្ដេចតេជោ ហ៊ុន សែន ជូនពរប្រជាពលរដ្ឋខ្មែរ មានសុវត្ថិភាពក្នុងការបើកបរ នៅទូទាំងប្រទេស ហើយគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា។
សូមបញ្ជាក់ថា ច្បាប់ថ្មីនេះ គ្រាន់តែអត់ពាក់មួកសុវត្ថិភាព ឬពាក់មិនត្រឹមត្រូវពោលអត់ដាក់គន្លឹះមួក ផាក៦ម៉ឺនរៀល ។ និយាយទូរស័ព្ទពេលកំពុងបើកបរ ៨ម៉ឺនរៀល ។ ជិះបង្ហោះម៉ូតូ ឬម៉ូតូមានសំឡេងឮខ្លាំង ឬហុយផ្សែងខ្លាំងផាក១០ម៉ឺនរៀល។
យោងតាមផែនការណ៍ ដែលនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើជូនសម្ដេចក្រ ឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីថ្មីៗនេះ គឺបានត្រៀមកងកម្លាំងននគរបាល ចំនួន៣.៩១៩នាក់ និង៥៦៨គោលដៅ ដើម្បីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ឧសភា នៅទូទាំងប្រទេស ៕
ដោយ ៖ អេង ប៊ូឆេង