ព័ត៌មានជាតិ

រដ្ឋមន្ត្រី សាធារណការ ប្រាប់ទូតអាមេរិកថា ស្ថានភាពនៅកម្ពុជាល្អប្រសើរ រួមទាំង សេដ្ឋកិច្ច និងការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន

ភ្នំពេញ ៖ ចំពោះ មុខលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ស្ថានភាពនៅកម្ពុជា មានភាពល្អប្រសើរ រួមទាំង សេដ្ឋកិច្ច ជាពិសេស ការធ្វើចរាចរណ៍ដោយរលូន នៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជាមួយប្រទេសជិតខាង ទោះបី មានការអនុវត្ត នូវវិធានការចត្តាឡីស័ក ដាច់ឲ្យនៅដោយឡែក១៤ថ្ងៃ ក៏ដោយ។

ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា «ស្ថានភាពនៅកម្ពុជា មានភាពល្អប្រសើរ រួមទាំងស្ថានភាពសេដ្ឋកិច្ច ជាពិសេសការធ្វើចរាចរណ៍ ​ដោយរលូននៃការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន ជាមួយប្រទេសជិតខាង ទោះបីជាមានការអនុវត្ត នូវវិធានការចត្តាឡីស័ក ដែលដាក់ឲ្យនៅ ដាច់ដោយឡែកចំនួន១៤ថ្ងៃ ចំពោះបញ្ជាការនាវិកបរទេស ដែលចូលមកកម្ពុជា និងចំពោះការដឹកជញ្ជូន ឆ្លងកាត់ព្រំដែនតាមផ្លូវគោក ជាមួយប្រទេសវៀតណាម ដើម្បីបញ្ចៀសការចម្លងនៃជំងឺនេះ តម្រូវឲ្យមានការផ្លាស់ប្តូរ អ្នកបើកបររថយន្ត ដឹកទំនិញនៅតំបន់ស។»

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រី សាធារណការ ក៏បានស្នើឲ្យ ទូតអាមេរិក ប្រចាំកម្ពុជា ពិចារណាក្នុងការជួយគាំទ្រ ដល់ក្រសួងទៅលើវិស័យកំពង់ផែ ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក និងផ្លូវដែក ជាពិសេសការ កសាងសមត្ថភាព ដល់មន្ត្រីជំនាញ នៅក្នុងការកសាងផ្លូវថ្នល់ ក្នុងរូបភាពជាការផ្តល់ នូវវគ្គបណ្តុះបណ្តាល ឬការផ្លាស់ប្តូរនូវក្រុមជំនាញការ ទស្សនកិច្ចសិក្សា រវាងកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ និងកំពង់ផែទីក្រុងឡូសអេនជឺឡេស (Los Angeles) ជាដើម។

ជាការឆ្លើយតប ទូតអាមេរិក បានធ្វើការកត់សម្គាល់ និងទទួលយកទៅពិចារណា ដើម្បីឈានទៅដល់ ការពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យទាំងនេះ។

ជាងនេះទៅទៀត ទូតអាមេរិក បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យកប៉ាល់ Westerdam ចូលចត នៅកំពង់ផែក្រុងព្រះសីហនុ និងបានជម្រាបសួរអំពីស្ថានភាព ទូទៅនៅកម្ពុជា ក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺ កូវីដ-១៩។

ក្នុងជំនួបនេះដែរ លោក Patrick Murphy បានគូសបញ្ជាក់ អំពីខួបលើកទី៧០ នៃទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដែលខែនីមួយៗនៃឆ្នាំនេះ នឹងផ្តោតទៅលើប្រធានបទផ្សេងៗគ្នា ដូចជាខែមេសា និងឧសភា គឺជាខែសម្រាប់បរិស្ថាន និងសុខភាពសាធារណៈ រីឯខែកញ្ញា ត្រូវផ្តោតលើប្រធានបទ ពាណិជ្ជកម្មនិងវិនិយោគ ដែលនឹងមានការធ្វើទស្សនកិច្ច ពីក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក មកកាន់ កម្ពុជាជាដើម។

ឆ្លៀតឱកាសនោះ លោក ស៊ុន ចាន់ថុល ក៏បានកោតសរសើរ ចំពោះកិច្ចសហការ និងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ និងបានបង្ហាញភាពរីករាយ និងស្វាគមន៍ ចំពោះកិច្ចសហការ ជាមួយសហរដ្ឋអាមេរិក ទាក់ទងនឹងគម្រោងនានា នៅពេលអនាគត ក្នុងវិស័យសាធារណការ និងការដឹកជញ្ជូន៕

ដោយ ៖ អេង ប៊ូឆេង

To Top