ព័ត៌មានជាតិ

ក្រសួងសាធារណការ បញ្ជាក់អ្នកប្រើប្រាស់ម៉ូតូ ដែលមានកំលាំងសេះ ចាប់ពី១២៥សេសេចុះក្រោម មិនចាំបាច់មានប័ណ្ណបើកបរនោះទេ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋ ដែលប្រើប្រាស់ម៉ូតូ ដែលមានកំលាំងសេះ ចាប់ពី១២៥សេសេចុះក្រោម មិនចាំបាច់តម្រូវ អោយមានប័ណ្ណបើកបរប្រភេទ ក ទេ តែចំពោះអ្នកប្រើប្រាស់ម៉ូតូ មានកម្លាំងលើសពី១២៥សេសេ តម្រូវឲ្យមានប័ណ្ណបើកបរ។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ បានបញ្ជាក់ថា “បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ម៉ូតូ ដែលមានកំលាំងសេះ ចាប់ពី១២៥សេសេចុះក្រោម មិនចាំបាច់តម្រូវអោយ មានប័ណ្ណបើកបរប្រភេទ ក ទេ! តែបងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ម៉ូតូ ដែលមានកំលាំងសេះ លើសពី១២៥សេសេ គឺត្រូវតែមានប័ណ្ណបើកបរប្រភេទ ក ទើបអាចបើកបរបាន”។

ប្រភព ដដែល បន្ថែមថា ប្រជាពលរដ្ឋអាចប្តូរ និងពន្យារ នៅ មណ្ឌលផ្តល់ប័ណ្ណបើកបរយានយន្ត នៅផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ធ្វើការរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៩:០០នាទី ព្រឹក ដល់ម៉ោង ១០:០០នាទីយប់ ដោយតម្រូវឲ្យមានឯកសារដូចជា:
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតបញ្ជាក់កាយសម្បទា (អាចធ្វើនៅទីតាំងផ្ទាល់) រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក (ថតនៅទីតាំងផ្ទាល់) និងពាក្យបណ្តឹងបាត់ប័ណ្ណបើកបរ បញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់ប័ណ្ណបើកបរ)។

ក្នុងនោះ ប្រសិនបើពលរដ្ឋ ចង់ប្រឡងយកប័ណ្ណបើកបរ ត្រូវមានឯកសារ ដូចរៀបរាប់ខាងលើ (*១ *២ *៣) និងលិខិតបញ្ជាក់ការសិក្សា ពីសាលាង្រៀនបើកបរ សម្រាប់បណ្ណប្រភេទ គ ឃ និង ង ផងដែរ៕ ដោយ៖ធី លីថូ

To Top