ភ្នំពេញ៖ កងទ័ពជើងគោក បានសម្រេចបង្កើត និងបើកដំណើរការ ទំព័រផេកហ្វេសប៊ុក ជាផ្លូវការរបស់ខ្លួន ដែលមានឈ្មោះថា “កងទ័ពជើងគោក នៃកងយោធពលខេមរៈភូមិន្ទ-Royal Cambodian Army” ដោយមានអាស័យដ្ឋានភ្ជាប់ទៅកាន់ ផេកhttp://WWW.facebook.com/RoyalCambodianArmy1999/ និងមានកំណត់នូវអត្តសញ្ញាណ មួយចំនួនផងដែរ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ កងទ័ពជើងគោក នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ បានបញ្ជាក់ថា អត្តសញ្ញាណដែលបានកំណត់មួយ ចំនួនមានដូចជាៈនៅលើរូបគម្របទំព័រ (Cover) មានរូបភាពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅលើផ្នែកខាងស្ដាំ មានរូបសញ្ញាអង្គភាព(Logo)របស់កងទ័ពជើងគោក នៅខាងលើផ្នែកខាងឆ្វេង និងមានរូបភាព សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោកឧត្តសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជិះរថយន្តត្រួតពលនៅចំកណ្ដាល ដោយមាននាយទាហាន នាយទាហានរង ពលទាហាឈរអមសងខាង ព្រមទាំងរូបភាពយុទ្ធោបរកណ៍នៅខាងក្រោម។
រូបភាពទម្រង់ផេក (Profile) មានរូបសញ្ញាអង្គភាព (Logo)នៃកងទ័ពជើងគោក ដោយមានព័ណ៌ធម្មជាតិភ្លឺច្បាស់ ។ នៅចំណុចខាងចុងនៃឈ្មោះផេក “កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ -Royal Cambodian Army”មានបង្ហាញរូបសញ្ញាធីក ព័ណ៌ខៀវ ដែលសម្គាល់នូវការបញ្ជាក់ (Verifriend)ទទួលស្គាល់ជាផ្លូវការណ៍ពីក្រុមហ៊ុនហ្វេសប៊ុក៕