ព័ត៌មានជាតិ

លិខិតមិត្តអ្នកអាន ៖ «សម្រែកសារិកាក្នុងទ្រុង ស្រែកព្រួយបារម្ភពី សេរីភាពចាបនៅលើ ចុងឈើ»

ក្នុងខណៈដែល ពិភពលោកកំពុងប្រយុទ្ធប្រឆាំង យ៉ាងខ្លាំងក្លាជាមួយនឹងកូវិដ~១៩ ដែលជាសត្រូវរួមរបស់មនុស្សជាតិ នៅលើផែនដី មានបណ្តាញផ្សាយព័ត៌មាន ក្នុងស្រុក និងក្រៅប្រទេសកម្ពុជា មួយចំនួនដែលស៊ីឈ្នួល បម្រើបរទេសក៌ដូចជាក្រុមដែលអះអាងតាំងខ្លួនថា ជាអ្នកវិភាគឯករាជ បាននាំគ្នានិយាយរិះគន់ វាយប្រហាររដ្ឋាភិបាល លោក ហ៊ុន សែនថា បាន យកបញ្ហា កូវិដ~១៩ ដើម្បីបំបិទសិទ្ធិសេរីភាព សារព័ត៌មាននៅកម្ពុជា។

ពួកគេបានចាត់ទុក វិធានការប្រឆាំងព័ត៌មានក្លែងក្លាយ និងវិធានការធ្វើចត្តាឡីស័ក ឬក៏ការរឹត បន្តឹងសេរីភាពជួបជុំខ្លះៗ នៅកម្ពុជាថា ជាការធ្វើឲ្យប៉ះពាល់ដល់សេរីភាព សារព័ត៌មាន ឬក៏ ប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិ ។

ប៉ុន្តែ ពួកគេភ្លេចគិតថា វិធានការខ្លះៗ ដែលរដ្ឋាភិបាលភ្នំពេញបាន ដាក់ចេញ កាលពីពេលកន្លងទៅនេះ គឺវាតិចតួចនិងស្រាលណាស់ បើប្រៀបធៀបទៅនឹងវិធានការ ក្នុងបណ្តាប្រទេសផ្សេង នៅអាស៊ីយើង ជាពិសេសនៅអឺរ៉ុប និងនៅសហរដ្ឋអាមេរិក ។

កម្ពុជាមិនបានបិទប្រទេស( Lock Down) ហើយក៏មិនបាន ប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ននោះដែរ ។ ពួកគេ ភ្លេចគិតថា វិធានការដ៏ ទន់ភ្លន់និងបត់បែនចល័ត ស្របតាមកាលៈទេសៈ ដែលរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ពិតជា មានប្រសិទ្ធភាពខ្ពស់ណាស់ ។ រហូតមលទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងវិរុសកូវិដ~១៩ត្រឹមតែ ១២២ នាក់ និងបានជាសះស្បើយរហូតដល់១២០នាក់ ពោលគឺជិតអស់ទៅហើយ។ អ្វីដែលគួរអោយកត់សំគាល់មួយទៀត ក្នុងរយៈពេលជាងពីរសប្តាហ៍ ចុងក្រោយនេះ គឺកម្ពុជា មិនបានរកឃើញ អ្នកឆ្លងថ្មីណាម្នាក់ឡើយ ហើយក៏ មិនទាន់អ្នកណាម្នាក់បានស្លាប់ ដោយសារវីរុសដ៏កាចសាហាវនេះដែរ។

ទាំងអស់នេះ គឺជាលទ្ធផល ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក៏ដូចជាអង្គការសុខភាពពិភពលោក បាននិងកំពុងអបអរសាទរ ហើយវាក៍ បានបង្ហាញអំពីភាពត្រឹមត្រូវ និងប្រសិទ្ធភាពខ្ពស់នៃការងារដឹកនាំចាត់ចែង របស់រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន និងក្រសួងសុខា ភិបាលកម្ពុជាធៀបនឹង បណ្តាប្រទេសជឿនលឿននៅលើលោក ។

យើងក៏អាចនិយាយបាន ដែរថា រលកទី១នៃ កូវិដ~១៩ត្រូវបានកម្ពុជាគ្រប់គ្រង បានដោយជោគជ័យ ខណៈពេលដែលប្រទេសជាច្រើន ក្នុងតំបន់និងក្នុងពិភពលោក កំពុងបន្តរងការវាយ ប្រហារពេញទំហឹងពី មេរោគដ៏ប្រល័យនេះ ដែលបានឆ្លងដល់មនុស្សជាង៣លាននាក់ និងបានសម្លាប់មនុស្សជាង ២២ ម៉ឺននាក់ ហើយនៅជុំវិញពិភពលោក។

អ្វីដែលគួរឲ្យអស់ សំណើចបំផុតនោះ គឺក្រុមមនុអគតិនិងអមិត្តទាំងនោះ បានចោទថា កម្ពុជាបានយកបញ្ហា កូវិដ~១៩ ដើម្បីបំបិទសិទ្ធិសេរីភាពសារព័ត៌មាន ខណៈពេលដែលខ្លួន ពួកគេកំពុងរស់នៅក្នុងផ្ទះមិន អាចចេញទៅណា បានឡើយរយៈពេល ជាច្រើនសប្តាហ៍ រឺច្រើនខែមកហើយនេះ ។ បើនិយាយតាមបែបផ្សេងវីញ វាមិនខុសអ្វីពីសត្វសារិកា ដែលកំពុងជាប់នៅក្នុងទ្រុងហើយ ស្រែកថាព្រួយបារម្ភអំពីសិទ្ធសេរីភាព សត្វចាបដែលកំពុងហោះហើរដោយ សេរីនៅលើដើមឈើ នោះឡើយ។

ពួកគេកំពុងរស់នៅក្នុងមហាប្រទេស មហាប្រជាធិបតេយ្យ និងមហាសិទ្ធិមនុស្ស តែបែរជាត្រូវបានគេបង្ខំឲ្យរស់ នៅក្នុងផ្ទះមិនអាចចេញទៅណាបាន ។ សិទ្ធិសេរីភាព របស់ខ្លួនឯងដែលបាន បាត់បង់ទាំងស្រុង មិនព្រមចេញមុខតវ៉ា តែបែរជាមក ស្រែកខ្វាយខ្វល់ពី អ្នកសារព័ត៌មាននៅកម្ពុជា ដែលកំពុងដើរយក ព័ត៌មានដោយសេរី ទៅវិញ។ ប្រទេសដែលខ្លួនកំពុងរស់នៅ មានមនុស្សឆ្លងកូវិដ~១៩ រាប់លាន រាប់សែននាក់ និងស្លាប់រាប់ពាន់និង រាប់ម៉ឺន នាក់ហើយមិនគិតខ្វាយខ្វល់ តែបែរជាមកខ្វាយខ្វល់ចំពោះកម្ពុជា ដែលមានមនុស្សនៅ សល់តែ២នាក់ចុងក្រោយប៉ុណ្ណោះ កំពុងបន្តព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ហើយមិនទាន់មានអ្នកណាម្នាក់ស្លាប់សោះដោយសារមេរោគ នេះ។

ពិតជាគួរឲ្យអនិច្ចាសត្វសារិកា ជាប់ទ្រុងទាំងនោះជាពន់ពេកណាស់ ។ ប្រហែលជាម្ចាស់វាឲ្យស៊ីចំណីដែលមានជាតិគីមី ច្រើនពេកហើយបានជា វង្វេងលែងដឹងខុសត្រូវបែបនេះ?

ម្យ៉ាងទៀត នៅពេលដែលអង្គការបរទេស មួយនោះបានបញ្ចុះ ចំណាត់ថ្នាក់សេរីភាព សារព័ត៌មានកម្ពុជា មួយលេខតាមការស្រមើ ស្រមៃរបស់ខ្លួនដោយគ្មានបានសិក្សាពីកម្ពុជា ទាល់តែសោះនោះ ក្រុមត្រូវថ្នាំសណ្តំបែរជានាំគ្នា លើកមកនិយាយបន្តុះបង្អាប់កម្ពុជា ដោយមិនខ្ចីយកភ្នែកមើលប្រទេស មហាប្រជាធិបតេយ្យដែលពួកគេកំពុងរស់នៅថា មានស្ថានភាពបែបណា? អ្នកកាសែតត្រូវបានដាក់ឲ្យនៅតែក្នុងផ្ទះ, អ្នកកាសែតរងការប្រមាថ មាក់ងាយពីមេដឹកនាំ ឬអ្នកកាសែតត្រូវបានគេ បណ្តេញចេញពីទីតាំងសន្និសីទកាសែត… ហេតុអ្វីពួកគេមិននាំគ្នា និយាយ? តើនេះមិនមែនមកពីត្រូវថ្នាំសណ្តំ្ត មនោគមន៍វិជ្ជាបរទេស រហូតធ្វើឲ្យប្តូរធាតុជា មនុស្សទេឬ?

សរុបមកវិញ កម្ពុជាកំពុងបានសុខហើយ, កម្ពុជាគ្រប់គ្រងកូវិដ~១៩បានល្អហើយ, កម្ពុជាគ្មានអ្នក ស្លាប់ដោយសារមេរោគ នេះទេ ហើយប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកសារព័ត៌មានទាំងឡាយដែរ ក៏កំពុងមានសេរីភាពពេញលេញដោយមិនបានជាប់ទ្រុង ដូចសារិកាឡើយ។

កម្ពុជាមិនបានទទួលរង ផលប៉ះពាល់សេដ្ឋកិច្ចខ្លាំង ដូចបណ្តាប្រទេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិកឡើយ ។ សេដ្ឋកិច្ចសង្គមកម្ពុជា ស្ថិតក្នុងស្ថានភាព ស្ទើរតែប្រក្រតី ដោយមានការប៉ះពាល់តិចតួច ប៉ុណ្ណោះ ។ កម្ពុជាក៏មិនបាន ប្រកាសដាក់ប្រទេស ក្នុងគ្រាអាសន្ន ដូចដែល បណ្តាញផ្សាយព័ត៌មានភូតកុហកមួយចំនួន លើកឡើងដើម្បីមួលបង្កាច់និងបំភិតបំភ័យនោះដែរ ។

ដូច្នេះ សូមក្រុមសារិការជាប់ទ្រុងទាំងឡាយ គួរគិតគូររកច្រកចេញពីទ្រុង ល្អជាងមកឈឺឆ្អាលពីអ្នក ដែលនៅក្រៅទ្រុង ។ ក្រុមសារិកាជាប់ទ្រុងទាំងឡាយ គួររកតែវិធីការ
ពារជីវិតខ្លួនឯង ឲ្យបានល្អកុំឲ្យឆ្លងកូវិដ~១៩ទៅ ប្រសើរជាងមកឈឺឆ្អាល់ ពីគេដែលកំពុងរស់នៅ ដោយសុខសាន ។
ក្រុមសារិកាជាប់ទ្រុងទាំងឡាយ ក៍គួរគិតគូរពីភាពខ្ទេចខ្ទាំសេដ្ឋកិច្ច ក្នុងប្រទេសដែលខ្លួនកំពុងរស់នៅប្រសើរ ជាងមកស្រែកខ្វល់ខ្វាយពី កម្ពុជាដែលដំណើរការ សេដ្ឋកិច្ចសង្គមកំពុងវិល ទៅរកភាពប្រក្រតីវិញជាបណ្តើរៗ ទៅហើយនោះ ។ ក្រុមសារិកាជាប់ទ្រុងគួរគិតគូរ ពីអ្នកអត់ការងារធ្វើរាប់សិបលាននាក់ ក្នុងប្រទេសដែលខ្លួនកំពុងរស់នៅ ហើយប្រហែលជាជិតដល់វេនខ្លួនហើយក៏ មិនដឹងប្រសើរជាងមក ស្រែកព្រួយបារម្ភពី ការងារនៅកម្ពុជា ដែលរងផលប៉ះពាល់តិចតួចបំផុត។

ទឹកចូលដល់ច្រមុះហើយ មិនគិត បែរជាមកគិតពីអ្នក ដែលកំពុងនៅលើដីគោក ទៅវិញ ។ ពិតជាគួរឲ្យអនិច្ចាសត្វសារិកាជាប់ទ្រុងទាំងនោះមែន៕

ដោយ : អ្នកនយោបាយតុកាហ្វេ

To Top