ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ផ្ទុះការតវាបិតផ្លូវ ក្រោយសមត្ថកិច្ច អនុវត្តច្បាប់លើស វាយនិងដាក់ខ្នោះ​ អ្នកបើករ៉ឺម៉ក គ្មានប័ណ្ណបើកបរ

ស្វាយរៀង៖ ប្រជាពលរដ្ឋលើកគ្នាបិតផ្លូវតវា ដោយចោទសមត្ថកិច្ចថា អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជ្រុល ចាប់បុរសអ្នកបើករ៉ឺម៉ក វាយដាក់ខ្នោះ ព្រោះគ្មានប័ណ្ឌបើកបរ ។

ករណីនេះបានកើតឡើង នៅវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី២ ឧសភា ២០២០ នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា រហូតដល់ម៉ោង ៣និង៣០នាទីរសៀល ទើបដោះស្រាយបញ្ចប់រឿង ដោយឲ្យសមត្ថកិច្ច (ដែលវាយនិងដាក់ខ្នោះ អ្នកបើកបររ៉ឺម៉ក) មកសុំទោសជាសាធារណៈ នៅមុខមហាជនបញ្ចប់រឿង ។

ម្ចាស់ម៉ូតូ សណ្តោងរ៉ឺម៉កម្នាក់ ក្នុងចំណោមរ៉ឺម៉ក០៣គ្រឿង បានឲ្យដឹងថា ពួកគាត់ទាំងបីរ៉ឺម៉ក មានទីលំនៅឯខេត្តតាកែវ នាំគ្នាមករកស៊ី ដឹកពូកលក់ តាមមូលដ្ឋាន នៅខេត្តស្វាយរៀង ជាច្រើនខែមកហើយ ស្រាប់តែ នៅថ្ងៃទី១ ឧសភា ២០២០នេះ ក៏មានច្បាប់រឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវឲ្យអ្នកបើកម៉ូតូ សណ្តោងរ៉ឺម៉ក មានបណ្ណ័បើកបរ គាត់ទៅធ្វើបណ្ណ័ បើកបរមិនទាន់ក៏សម្រេច សុំលក់ពូកអស់ ត្រឡប់ទៅផ្ទះវិញ ទើបធ្វើបណ្ណ័បើកបរ ហើយននៅថ្ងៃទី២ ឧសភា ២០២០ នេះ សមត្ថកិច្ចចាប់ផាកពិន័យ១៨ម៉ឺនរៀល គាត់គ្មានប្រាក់បង់ លុះដល់ម៉ោង១១ និង៣៥នាទីព្រឹក សមត្ថកិច្ចឈរជើង នៅគោលដៅនោះ នាំគ្នាចេញទៅហូបបាយអស់ ពួកគាត់ក៏បើកម៉ូតូចេញដែរ ក៏ត្រូវសមត្ថកិច្ចដេញតាម និងចាប់វាយ រួចដាក់ខ្នោះចាប់បញ្ជូន ទៅអធិការស្រុកចន្រ្ទា ពេលនោះមហាជន ក្នុងភូមិឃើញក៏នាំគ្នា មកបិតផ្លូវតវាមិនឲ្យសមត្ថកិច្ច ចាប់ពួកគាត់យកទៅ។

ទាក់ទិនករណីនេះដែរលោក វរៈសេនីយ៍ទោសួគ៌ ធី អធិការរងទទួលបន្ទុក ផ្នែកចរាចរណ៍ផ្លូវគោកអធិការដ្ឋាន នគបាលស្រុកចន្ទ្រា បានមានប្រសាសន៍ថា នេះគឺជាការរឹតបន្តឹង នូវការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

លោកសួគ៌ធីបន្តទៀតថា មូលហេតុ អ្នកបើកបរម៉ូតូរ៉ឺម៉ក គ្មានបណ្ណ័បើកបរ និងដឹកសំពីងសំពោង ខុសបច្ចេកទេស សមត្ថកិច្ចបានឃាត់រ៉ឺម៉ក មកសាកសួរនិងធ្វើការផាកពិន័យ តាមច្បាប់ ក៏ប៉ុន្តែម្ចាស់ម៉ូតូរ៉ឺម៉ករូបនោះ មិនព្រមបង់ប្រាក់ផាកពិន័យ ហើយបានបើកម៉ូតូរ៉ឺម៉ក ចេញសមត្ថកិច្ចបានហៅឲ្យឈប់ ក៏ប៉ុន្តែអ្នកបើកបររ៉ឺម៉ក មិនព្រមឈប់ ទើបសមត្ថកិច្ចយើង បើករថយន្តដេញ តាមទាន់នៅកន្លែងកើតហេតុ ខាងលើរួចឲ្យយកម៉ូតូរ៉ឺម៉ក ត្រឡប់មកកន្លែង សមត្ថកិច្ចឈជើងវិញ តែអ្នកបើករ៉ឺម៉ក មិនព្រមទើបមានការ ចាប់វាយខ្នោះ និងមានការប្រតាយប្រតប់គ្នា កើតជារឿងរហូត មានប្រជាពលរដ្ឋ នាំគ្នាមកតវ៉ាបិតផ្លូវតែម្តង។

ក្រោយពីមានការសម្របសម្រួល ពីលោកឧត្តមសេនីយ៍ត្រី ភោគ សាខុន ស្នងការរងទទួលបន្ទុក ផ្នែកចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគបាលខេត្តស្វាយរៀង និងលោកអភិបាលស្រុកចន្ទ្រា បានចុះទៅសម្របសម្រួល ម្ចាស់ម៉ូតូរ៉ឺម៉កទាំងបីគ្រឿង ក៏ឈានដល់ការព្រមព្រៀង ដោយម្ចាស់ម៉ូតូរ៉ឺម៉ក ឲ្យសមត្ថកិច្ចទាំង៤រូប មកសុំទោសរូបគាត់ ជាសាធារណៈនៅមុខមហាជន ហើយលោកវរៈសេនីយ៍ទោសួគ៌ ធី អធិការរងស្រុកចន្រ្ទា បានចេញមកសុំទោស ជាសាធារណៈ តាមការទាមទា របស់មហាជន ដូច្នេះប្រជាពលរដ្ឋ ក៏បានបំបែកគ្នាទៅផ្ទះរៀងៗខ្លួន។

សូមប្រជាពលរដ្ឋ ចូលរួមអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ទាំងអស់គ្នា៕

To Top