ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ​ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក!

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំជាមួយ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នូវច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ដោយយោងលើការណែនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ដែលដាក់ចេញដល់មេបញ្ជាការ រាជធានី ខេត្ត ឲ្យអនុវត្ត លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដាក់ចេញនូវសេចក្តីណែនាំបន្ត ដល់សមាជិកអាវុធហត្ថ រាជធានីភ្នំពេញទាំងអស់ដូចតទៅ៖

១- នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលកាន់ដៃចង្កូត បើកបរ យានយន្តគ្រប់ប្រភេទលើដងផ្លូវ ត្រូវមានប័ណ្ណបើកបរ និងឯកសារស្របច្បាប់គ្រប់គ្រាន់ ស្របតាមការកំណត់ ក្នុងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក។ បើគ្មានឬមានមិនគ្រប់ ហាមកាន់ដៃចង្កូត បញ្ជាយានយន្ត និងត្រូវទៅរៀន ឬ បំពេញលក្ខណ:សម្បត្តិឱ្យបានគ្រប់គ្រាន់។

២- ត្រូវចូលរួមអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានតឹងរឹងបំផុត ក្នុងករណីប្រព្រឹត្តល្មើស ត្រូវទទួលទោសទ្វេរដង ដោយទទួលការផាកពិន័យតាមច្បាប់ និងទណ្ឌកម្មរបស់អង្គភាព ស្របតាមបទបញ្ជាផ្ទៃក្នុង។

៣- ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ត្រូវធ្វើជាគំរូដល់ប្រជាពលរដ្ឋ និង ត្រូវចូលរួមផ្សព្វផ្សាយនិងជម្រុញដល់ប្រជាជន មហាជន ឱ្យអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកគ្រប់ពេលវេលា!

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានដាស់តឿនក្រើនរំលឹក សមាជិកអាវុធហត្ថ រាជធានីភ្នំពេញទាំងអស់ សូមកុំបន្ធូរដៃឬធ្វេសប្រហែស ចំពោះបញ្ហា មេរោគកូវីដ ១៩ ជាដាច់ខាត ហើយត្រូវបន្តអនុវត្តវិធានការ ការពារនានា ដែលអាវុធហត្ថរាជធានីភ្នំពេញ បានដាក់ចេញកន្លងមក ឲ្យបានគ្រប់ពេលវេលា។

ព្រមជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានថតសេចក្តីណែនាំជាសំឡេង យកទៅចាក់ជូនដល់ បណ្តាសមាជិកអាវុធហត្ថខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ បានស្តាប់គ្រប់ៗគ្នា និងដាស់តឿនក្រើនរំលឹកតាមបណ្តាញWhatsApp ជាប់ជាប្រចាំ៕

To Top