ស្វាយរៀង៖ លោកឧត្ដមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្រេចដាក់វិន័យ កងកម្លាំងនគរបាលជាតិ ចំពោះលោកវរៈសេនីយ៍ទោ សួគ៌ ធី អធិការរងនគរបាលស្រុកចន្ទ្រា ទទួលបន្ទុកចរាចរណ៍ ដោយបានផ្អាកការងារ ជាបណ្ដោះអាសន្ន បន្ទាប់ពីលោកអធិការរងរូបនេះ បានអនុវត្តន៍ លេីសគោលការណ៍ ណែនាំរបស់ថ្នាក់ដឹកនាំ បង្ករអោយប្រជាពលរដ្ឋ មានការថ្នាំងថ្នាក់ ។
នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានប្រាប់មន្ត្រីនគរបាលជាតិ ត្រូវពង្រឹងវិន័យមន្ត្រី ក្នុងការអនុវត្តន៍ច្បាប់ អោយបានត្រឹមត្រូវ ទន់ភ្លន់ ម៉ឺងម៉ាត់ ។ ជាមួយគ្នានេះដែរ សូមប្រជាពលរដ្ឋ មេត្តាចូលរួមគោរពច្បាប់ទាំងអស់គ្នា ដេីម្បីសុវត្ថិភាព ក្រុមគ្រួសារយេីង សង្គមជាតិយេីង ។
សូមរំលឹកថា កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង មានប្រជាពលរដ្ឋ លើកគ្នាបិតផ្លូវតវា ដោយចោទសមត្ថកិច្ចថា អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជ្រុល ចាប់បុរសអ្នកបើករ៉ឺម៉ក វាយដាក់ខ្នោះ ព្រោះគ្មានប័ណ្ឌបើកបរ ។
ដល់ម៉ោង៣និង៣០នាទីរសៀល ទើបដោះស្រាយបញ្ចប់រឿងដោយឲ្យសមត្ថកិច្ច (ដែលវាយនិងដាក់ខ្នោះ អ្នកបើកបររ៉ឺម៉ក) មកសុំទោសជាសាធារណៈ នៅមុខមហាជនបញ្ចប់រឿង ម្ចាស់ម៉ូតូសណ្តោងរ៉ឺម៉កម្នាក់ ក្នុងចំណោមរ៉ឺម៉ក ០៣គ្រឿង បានឲ្យដឹងថា ពួកគាត់ទាំងបីរ៉ឺម៉ក មានទីលំនៅឯខេត្តតាកែវ នាំគ្នាមករកស៊ី ដឹកពូកលក់ តាមមូលដ្ឋាន នៅខេត្តស្វាយរៀងជាច្រើនខែមកហើយ ស្រាប់តែនៅថ្ងៃទី១ ឧសភា ២០២០នេះ ក៏មានច្បាប់រឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវឲ្យអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក មានបណ្ណ័បើកបរ គាត់ទៅធ្វើបណ្ណ័បើកបរមិនទាន់ ក៏សម្រេចសុំលក់ពូក អស់ត្រឡប់ទៅផ្ទះវិញ ទើបធ្វើបណ្ណ័បើកបរ ហើយនៅថ្ងៃទី២ ឧសភា ២០២០នេះ សមត្ថកិច្ច ចាប់ផាកពិន័យ ១៨ម៉ឺនរៀល គាត់គ្មានប្រាក់បង់ លុះដល់ម៉ោង ១១និង៣៥នាទីព្រឹក សមត្ថកិច្ចឈរជើង នៅគោលដៅនោះនាំគ្នា ចេញទៅហូបបាយអស់ ពួកគាត់ក៏បើកម៉ូតូចេញដែរ ក៏ត្រូវសមត្ថកិច្ចដេញតាម និងចាប់វាយរួចដាក់ខ្នោះ ចាប់បញ្ជូនទៅអធិការស្រុកចន្រ្ទា ពេលនោះមហាជនក្នុងភូមិឃើញ ក៏នាំគ្នាមកបិតផ្លូវតវា មិនឲ្យសមត្ថកិច្ចចាប់ពួកគាត់យកទៅ ។
ទាក់ទិនករណីនេះដែរ លោក វរៈសេនីយ៍ទោសួគ៌ ធី អធិការរងទទួលបន្ទុក ផ្នែកចរាចរណ៍ផ្លូវគោក អធិការដ្ឋាននគបាលស្រុកចន្ទ្រា បានមានប្រសាសន៍ថា នេះគឺជាការរឹតបន្តឹង នូវការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក។
លោកសួគ៌ធីបន្តទៀតថា មូលហេតុ អ្នកបើកបរម៉ូតូរ៉ឺម៉ក គ្មានបណ្ណ័បើកបរ និងដឹកសំពីងសំពោង ខុសបច្ចេកទេស សមត្ថកិច្ចបានឃាត់រ៉ឺម៉ក មកសាកសួរ និងធ្វើការផាកពិន័យតាមច្បាប់ ក៏ប៉ុន្តែម្ចាស់ម៉ូតូរ៉ឺម៉ករូបនោះ មិនព្រមបង់ប្រាក់ ផាកពិន័យ ហើយបានបើកម៉ូតូរ៉ឺម៉ក ចេញសមត្ថកិច្ចបានហៅឲ្យឈប់ ក៏ប៉ុន្តែអ្នកបើកបររ៉ឺម៉ក មិនព្រមឈប់ទើបសមត្ថកិច្ចយើង បើករថយន្តដេញតាមទាន់ នៅកន្លែងកើតហេតុខាងលើ រួចឲ្យយកម៉ូតូរ៉ឺម៉ក ត្រឡប់មកកន្លែងសមត្ថកិច្ច ឈជើងវិញ តែអ្នកបើករ៉ឺម៉កមិនព្រម ទើបមានការចាប់វាយខ្នោះ និងមានការប្រតាយប្រតប់គ្នា កើតជារឿងរហូត មានប្រជាពលរដ្ឋ នាំគ្នាមកតវ៉ាបិតផ្លូវតែម្តង។
ក្រោយពីមានការ សម្របសម្រួល ពីលោកឧត្តមសេនីយ៍ត្រីភោគសាខុន ស្នងការរងទទួលបន្ទុក ផ្នែកចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាន នគបាលខេត្តស្វាយរៀង និងលោកអភិបាលស្រុកចន្ទ្រាបានចុះទៅសម្របសម្រួល ម្ចាស់ម៉ូតូរ៉ឺម៉កទាំងបីគ្រឿង ក៏ឈានដល់ការព្រមព្រៀង ដោយម្ចាស់ម៉ូតូរ៉ឺម៉ក ឲ្យសមត្ថកិច្ចទាំង៤រូប មកសុំទោសរូបគាត់ ជាសាធារណៈ នៅមុខមហាជន ហើយលោកវរៈសេនីយ៍ទោ សួគ៌ ធី អធការរងស្រុកចន្រ្ទា បានចេញមកសុំទោស ជាសាធារណៈ តាមការទាមទា របស់មហាជន ដូច្នេះប្រជាពលរដ្ឋ ក៏បានបំបែកគ្នា ទៅផ្ទះរៀងៗខ្លួន។ សូមប្រជាពលរដ្ឋ ចូលរួមអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕