ព័ត៌មានជាតិ

ផ្លូវជាតិលេខ១១ សាងសង់បាន ៩១% ចំណាយថវិកា ៩៨លានដុល្លារ

ភ្នំពេញ ៖ ផ្លូវជាតិលេខ១១ ប្រវែង៩៦គីឡូម៉ែត្រ តភ្ជាប់រវាងខេត្តព្រៃវែង ត្រង់ចំណុចប្រសព្វផ្លូវ ជាតិលេខ១ (អ្នកលឿង) និងខេត្តត្បូងឃ្មុំ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៧ (ថ្នល់ទទឹង) ក្រាលបេតុងកៅស៊ូ AC សម្រេចការសាងសង់ បានចំនួន ៩១,១៤%ហើយ ដែលចំណាយ ទឹកប្រាក់ ៩៨.៣៨៨.០០០ ដុល្លារ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ ថា ផ្លូវនេះ មានប្រវែងសរុប៩៦គីឡូម៉ែត្រ ក្នុងនោះ រួមមាន ៖ ផ្លូវមេប្រវែង ៨៦,៨០៨គីឡូម៉ែត្រ និងផ្លូវក្នុងក្រុង ព្រៃវែងប្រវែង ៩,១៩៤គីឡូម៉ែត្រ ចាប់ពីអ្នកលឿងចំណុច ប្រសព្វផ្លូវជាតិលេខ១ ស្ថិតនៅភូមិលេខ៤ ឃុំ ព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុច ប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ ទទឹងតួផ្លូវ ១១ ម៉ែត្រ និងបំពាក់ដោយផ្លាក សញ្ញាចរចរណ៍ គូសគំនូសចរាចរណ៍បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពតាម ដងផ្លូវ ផងដែរ។

ក្រសួងបញ្ជាក់ថា «កំណត់ផ្លូវនេះជាកំណត់ ផ្លូវសេដ្ឋកិច្ចសំខាន់មួយ ដែលចាំបាច់ត្រូវពង្រីក ដើម្បី សម្រួលដល់ ការធ្វើចរាចរណ៍បន្ថែម ទៀតរវាងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។ ផ្លូវនេះសាងសង់ដោយ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ត្រួតពិនិត្យដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន (WACC) ចំណាយទឹកប្រាក់ចំនួន ៩៨.៣៨៨.០០០ ដុល្លារអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន ចំណាយរយៈពេលសាងសង់ចំនួន៤៤ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៧ និងគ្រោងបញ្ចប់នៅចុង ឆ្នាំ២០២០ ។ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ផ្លូវនេះ សម្រេច បាន ៩១,១៤ភាគរយហើយ»៕

ដោយ ៖ អេង ប៊ូឆេង

To Top