ភ្នំពេញ ៖ ដោយ សង្កេត ឃើញការកើនឡើង នៃការប្រើប្រាស់សេវា បណ្ណបើកបរយានយន្ត យ៉ាងច្រើនសន្ធឹក សន្ធាប់ ក្នុងរយៈពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការប្រឡង យកបណ្ណបើកបរ មានគ្រប់មន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំង២៥ រាជធានី-ខេត្ត ។
យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងសាធារណការ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ថា រាល់ការប្រឡងយកបណ្ណ បើកបរយានយន្ត (ទោចក្រ-ត្រីចក្រយានយន្ត និងរថយន្ត) ត្រូវធ្វើឡើងតាមគ្រប់មន្ទីរសាធារណការ ទូទាំង២៥ រាជធានី-ខេត្ត ទាំងការប្រឡង ទ្រឹស្តី និងដៃចង្កូត ។
ក្រសួងរៀបរាប់ថា ទីតាំងភ្នំពេញ នៅអង្គភាពផ្តល់បណ្ណបើកបរ របស់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងអ៊ីអន១ – អ៊ីអន២។ ក្រៅពីនឹងនៅតាម មន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង២៤ខេត្ត ។
ក្រសួងបន្ថែមថា ពេលវេលាផ្តល់សេវា ចាប់ពីថ្ងៃ ចន្ទ ដល់ សៅរ៍ ចាម់ម៉ោង៨ព្រឹក ដល់ ៥ល្ងាច ។ ឯកសារសម្រាប់ការប្រឡង យកបណ្ណបើកបរ រួមមាន ៖ ទី១- អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ,ទី២-លិខិតបញ្ជាក់កាយសម្បទា (អាចធ្វើនៅទីតាំងផ្ទាល់) ,ទី៣- រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់) និងទី៤ លិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀន បើកបរ ក្នុងករណីប្រឡងបណ្ណប្រភេទ គ ឃ និង ង៕
ដោយ ៖ អេង ប៊ូឆេង