ភ្នំពេញ ៖ មន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន ដោយមានការចូលរួម ពីសមាជិក នៃសហគមន៍ តំបន់ការពារធម្មជាតិ និងអាជ្ញាធរពាក់ព័ន្ធ បានចុះល្បាតដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងខេត្តទាំង ៤ នៃភូមិសាស្ត្រ តំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ បានចំនួន ៥១១ លើក និងបានបង្ក្រាបបទល្មើសធន ធានធម្មជាតិរួមមាន ការលួចកាប់ឈើខុសច្បាប់ ទន្ទ្រានកាន់កាប់ដីព្រៃ ការបរបាញ់សត្វខុសច្បាប់ ចំនួន៣៩៩ ករណីនៅក្នុងរយៈពេល ៤ ខែ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២០។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ នៃក្រសួងបរិស្ថាន បានឲ្យដឹង នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ថា បទល្មើស កាប់ឈើ និងទន្ទ្រានដីព្រៃ ខុសច្បាប់ចំនួន ៣២ ករណី ត្រូវបានកសាងសំណុំរឿង និងបញ្ជូន ទៅតុលាការ ដើម្បីដំណើរការនីតិវិធី និងបានធ្វើកិច្ចសន្យា អប់រំណែនាំចំនួន ៤២ ករណីដែល មានមនុស្សពាក់ព័ន្ធជិត ១០០ នាក់។
នៅក្នុងការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងទំហំដីជាង ៤៣ម៉ឺនហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងក្រចេះ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា មន្ត្រីឧទ្យានុ រក្សនិងប្រជាសហគមន៍តំបន់ ការពារធម្មជាតិ បានរឹបអូសវត្ថុតាងជាច្រើន ក្នុងនោះ រួមមាន ៖ រឹបអូសរណាយន្ត បានចំនួន ១៩៣ គ្រឿង រថយន្ត ២ គ្រឿង គោយន្តចំនួន ៣៤ គ្រឿង ម៉ូតូ ២៥ គ្រឿង និងរឹបអូស ដែលបានកាប់បំផ្លាញចំនួន ១៧៩ ម៉ែត្រគូប និងឈើហ៊ុប និងឈើដុំចំនួន ១៦៥ កំណាត់។
លោកបន្ថែមថា នៅក្នុងអំឡុងនៃការទប់ស្កាត់ និងបង្ក្រាបបទល្មើសរយៈពេល ៤ខែ ដើម ឆ្នាំ ២០២០ នេះ កម្លាំងមន្ត្រីឧទ្យានុក្សក៏បានបំផ្លាញ រុះរើរោងអនាធិបតេយ្យ ក្នុងតំបន់ដែនជម្រក សត្វព្រៃ ព្រៃឡង់ចំនួន ៣៤ រោង និងបានដកហូតកាំភ្លើងកែច្នៃដែល ប្រើប្រាស់សម្រាប់ការបរ បាញ់ សត្វខុសច្បាប់បានចំនួន ២៩ ដើម និងបានដោះអន្ទាក់បានចំនួន ៧២៤ អន្ទាក់។
លោកគូសបញ្ជាក់ថា នេះគឺជាកិច្ចខិតខំប្រឹង ប្រែងរបស់មន្ត្រីឧទ្យានុរក្ស និងសហគមន៍នៃ តំបន់ការពារធម្មជាតិ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ព្រៃឡង់ ឲ្យបាន គង់វង្ស សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ លោកថា ទោះបីជាមានការចុះទប់ស្កាត់ និងបង្ក្រាបទាំង យប់ទាំងថ្ងៃ ពីសំណាក់មន្ត្រីឧទ្យានុរក្ស និងសមាជិកនៃសហគមន៍តំបន់ ការពារធម្មជាតិ ក៏បទល្មើស ធនធានធម្មជាតិទ្រង់ទ្រាយតូច ដូចជាការលបលួចកាប់ឈើ ការទន្ទ្រានរានយកដី ធ្វើជាកម្មសិទ្ធិការបរ បាញ់ និងការដាក់អន្ទាក់សត្វព្រៃ នៅតែបន្ដកើតមាន នៅ ក្នុងតំបន់ព្រៃឡង់ ដែលចាំបាច់ត្រូវចាត់វិធានការ ទប់ស្កាត់និងបង្ក្រាបបន្តទៀត។
លោកបន្ថែមថា មានកត្តាផ្សេងៗដែល ជំរុញឲ្យមានបទល្មើសទាំងនេះ ក្នុងនោះ រួមមាន កត្ដាជីវភាពរបស់ប្រជាសហគមន៍ ដែលធ្លាប់តែពឹង អាស្រ័យ ទៅលើផល អនុផលព្រៃឈើ និងការទាក់ទាញ និងញុះញង់ពីសំណាក់ក្រុមឈ្មួញទុច្ចរិត គួបផ្សំនឹងចំនួន មន្រ្ដីឧទ្យានុរក្ស ដែល បានឈរជើង នៅក្នុងតំបន់នោះ នៅមានកម្រិតនៅឡើយ។ ទោះយ៉ាងណា លោក ថា កម្លាំងមានសមត្ថកិច្ច នៃរាជរដ្ឋាភិបាលកម្ពុជា មានការតាំងចិត្តខ្ពស់ ក្នុងការទប់ស្កាត់ និងបង្ក្រាបយ៉ាងហ្មឺងម៉ាត់ ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ ដែលកើតឡើងស្របតាមច្បាប់នានា។
ជាងនេះទៅទៀតលោក នេត្រ ភក្ត្រា ក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួង បរិស្ថាន និងដៃគូអភិវឌ្ឍ បានយកចិត្ដទុកដាក់ខ្ពស់ លើការរៀបចំ និងពង្រឹងយន្ដ ការគ្រប់គ្រង ការផ្ដល់មធ្យោបាយ ឧបករណ៍ សម្ភារ ក៏ដូចជាការជួយ លើកស្ទួយជីវភាពរបស់ ប្រជាសហគមន៍ មូលដ្ឋានបន្ថែមទៀត តាមរយៈការបង្កើតមុខរបរថ្មី បង្កើតសេដ្ឋកិច្ចនៅ មូលដ្ឋាន បង្កើនចំណូល ការជំរុញទេសចរណ៍ធម្មជាតិជាដើម ដើម្បីធានា ប្រសិទ្ធភាព នៃការងារគ្រប់គ្រង ការពារ និងអភិរក្សតំបន់ព្រៃឡង់។
បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បាននិងកំពុង សហការអនុវត្តគម្រោងការពារ និងអភិរក្សតំបន់ ដែន ជម្រកសត្វព្រៃព្រៃឡង់ ជាមួយគម្រោងព្រៃឡង់បៃតង គាំទ្រថវិកាដោយUSAID របស់ សហ រដ្ឋអាមេរិកសម្រាប់រយៈពេល ៥ ឆ្នាំ (២០១៨-២០២៣) ក្នុងទំហំទឹកប្រាក់ ២១ លានដុល្លារ៕
ដោយ ៖ អេង ប៊ូឆេង