ព័ត៌មានជាតិ

អ្នកផ្ទុកកូវីដ១៩ សល់២នាក់ បានបញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានសម្រេចបញ្ជូន អ្នកជំងឺ២នាក់ ដែលផ្ទុកវីរុសកូវីដ១៩ មកព្យាបាលបន្ត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

បើតាមការប្រកាស លោកស្រី ឱន វ៉ាន់ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ក្នុងគ្រុបអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ គឺស្ថានភាពពួកគេទាំង២នាក់មិនធ្ងន់ធ្ងរពេកទេ តែតាមសភាពទូទៅរបស់អ្នកជំងឺ វីរុសនៅមានក្នុងខ្លួនគាត់នៅឡើយ ។

លោកស្រីបន្តថា “ថ្ងៃនេះ ក្រសួងបានសម្រេចឲ្យបញ្ជូន មកបន្តការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតទាំងពីរនាក់ហើយ។ វីរុសនេះ យើងពិបាកនឹងដឹងណាស់ ដោយសារអ្នកទាំង២ ម្នាក់ជាបុរសវ័យ៧៥ឆ្នាំ មាន បញ្ហាសុខភាពប្រចាំកាយ និងម្នាក់ទៀតជាស្ត្រីវ័យ៣៦ឆ្នាំ មានបញ្ហាប៉ះពាល់ផ្លូវចិត្ត តម្រូវឲ្យមានការ ពិនិត្យព្យាបាលនៅមន្ទីរពេទ្យថ្នាក់ជាតិបន្តទៀត”។

ជាមួយគ្នានេះ លោកស្រីជូនពរ ពួកគាត់ឲ្យបានឆាប់ជាសះស្បើយ ពេលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លោកស្រីផ្តាំផ្ញើថា ដូច្នេះហើយ ប្រជាពលរដ្ឋ ត្រូវបន្តការប្រុងប្រយ័ត្នការពារ ការចម្លងរលកទី២ នៃវីរុសកូវីដ-១៩ នេះជាចាំបាច់ ។

ដូច្នេះត្រូវចងចាំថា “យើងអាចភ្លេចវីរុសកូវីដ-១៩ តែវីរុសកូវីដ-១៩ មិនដែលភ្លេចយើងនោះទេ”។

បើតាមការប្រកាសរបស់ក្រសួង នៅព្រឹកថ្ងៃ៨ ឧសភា នេះកម្ពុជាបន្តគ្មានឆ្លង និងគ្មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ដដែល ។ ការបញ្ជាក់របស់ក្រសួង ខណៈដែលក្រុមគ្រូពេទ្យ បានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩នេះ ជាសះស្បើយចំនួន១២០នាក់ ក្នុងចំណោម១២២នាក់ គឺនៅសល់តែ២នាក់ប៉ុណ្ណោះកំពុង សម្រាកព្យាបាល នៅមន្ទីពេទ្យ៕

To Top