ព័ត៌មានជាតិ

ក្រសួងបរិស្ថាន គ្រោងសង់ ស្នាក់ការ ជុំវិញដែនជម្រកសត្វព្រៃ «ព្រៃឡង់» ពង្រឹងគ្រប់គ្រង ធនធានធម្មជាតិ

ភ្នំពេញ ៖ លោក សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងជុំវិញ ព្រៃឡង់ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំ និងព្រះវិហារ ក្នុងគោលស្វែង រកទីតាំងសមស្រប សម្រាប់សាងសង់ ស្នាក់ការរួមមួយ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការពារ និងអភិរក្សធនធាន ធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់»។

យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ លោក សៅ សុភាព បានបញ្ជាក់ថា ស្នាក់ការនេះ ក៏នឹងប្រើប្រាស់ជាកន្លែងប្រមូលផ្តុំនូវធនធាន បច្ចេកទេស ការអនុវត្តច្បាប់ ការគ្រប់គ្រងកម្លាំងការពារ ល្បាត ប្រចាំការ និងអន្តរាគមន៍លើបទល្មើសធនធានធម្មជាតិ ដែលអាចកើតឡើងនៅក្នុងតំបន់ការពារ ធម្មជាតិនេះ ហើយដែលផ្តល់លទ្ធភាពឲ្យមានការចូលរួមពីក្រសួង ស្ថាប័ន និងដៃគូសហការ ផ្សេងទៀត។

សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃ «ព្រៃឡង់» ស្ថិតនៅក្នុងភូមិសាស្រ្តខេត្ត ចំនួន៤ រួមមាន ៖ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង ដែលមានផ្ទៃដីសរុប៤៣១ ៦៨៣ហិកតា៕

ដោយ ៖ អេង ប៊ូឆេង

To Top