ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA) ប្រចាំការិយាល័យ ប្រទេសកម្ពុជា រួមជាមួយ សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ បានផ្ដល់ជំនួយសម្ភារៈពេទ្យ ទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ។
ក្នុងពិធីប្រគល់-ទទួលសម្ភារៈនេះ ត្រូវបានធ្វើឡើងនៅការិយាល័យ ទីភ្នាក់ងារ KOICA ប្រចាំប្រទេសកម្ពុជា នាព្រឹកថ្ងៃទី៨ ក្រោមអធិបតីភាពលោក នោ ហ្យន់ជូន (Rho Hyun Jun) ប្រធានតំណាងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំការិយាល័យ កម្ពុជា លោក អ៊ឹម សួរ ប្រធានសមាគម អតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) លោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ ។
គោលបំណងនៃការផ្ដល់ជំនួយនេះ ដើម្បីជួយ សម្រាលបន្ទុក មន្ទីរពេទ្យថ្នាក់ជាតិទាំងពីរក្នុងការឆ្លើយតបឲ្យទាន់ពេលវេលា នៃការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ និងដើម្បីធានាសុខ សុវត្ថិភាពដល់អ្នកជំងឺ ក៏ដូចជាបុគ្គលិកមន្ទីរពេទ្យផងដែរ ។
សម្ភារៈដែលបានផ្ដល់ជូនរួមមាន៖ ម៉ាស់ពេទ្យចំនួន ១០ម៉ឺនម៉ាស់ ម៉ាស់អិន៩៥ (N95) ចំនួន ៤៥០០ម៉ាស់ ជែលលាងដៃសម្លាប់មេរោគចំណុះ ៥០០មីលីលីត្រចំនួន ២០០០ដប និងភេសជ្ជៈប៉ូវកម្លាំងមួយចំនួនផងដែរ ។ ដោយឡែកសមាគម CAMKAA ក៏បានផ្ដល់ជូនម៉ាស់ពេទ្យចំនួន ២ម៉ឺនម៉ាស់បន្ថែមទៀត ។
គួររំលឹកថា ចាប់តាំងពីឆ្នាំ២០១៧មក ទីភ្នាក់ងារកយកា បាននឹងកំពុងតែជួយដល់ក្រសួងសុខាភិបាលលើជំហ៊ានទី១ នៃគម្រោងការពារ ស្រាវជ្រាវ និងឆ្លើយតបទៅនឹងជំងឺឆ្លងផ្សេងៗ ដូចជាជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះស្រាប់ តាមរយៈមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (US CDC) ។ ជំហ៊ានទី២ នៃគម្រោង នឹងចាប់ផ្ដើមជាផ្លូវការ នៅក្នុងខែឧសភា ឆ្នាំ២០២០នេះ ដោយមានទឹកប្រាក់ជំនួយសរុបចំនួន ៨.៥លានដុល្លារ សម្រាប់រយៈពេល ៦ឆ្នាំ ៕
ដោយ ខា ដា