ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរផ្លូវគោក បញ្ជាក់ថា ក្នុងរយៈពេល១សប្តាហ៍ នៃការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក គ្រោះនិងការស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ បើប្រៀបធៀបរយៈពេល ១សប្តាហ៍ដូចគ្នា ដែលមិនទាន់រឹតបន្តឹង។
សម្ដេចក្រឡាហោម ស ខេង តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ បាន រំលឹកថា កាលពីថ្ងៃទី៨ ឧសភា សម្ដេច បានដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ស្តីពី ការត្រួតពិនិត្យការរឹតបន្តឹង អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលមាន រយៈពេល១សប្តាហ៍កន្លងមក។
សម្ដេចមានប្រសាសន៍ថា «លទ្ធផលគួរកត់សម្គាល់ ក្នុងរយៈពេលមួយសប្តាហ៍នេះ គឺគ្រោះថ្នាក់ចរាចរណ៍ និងការស្លាប់បាត់បង់ជីវិត ដោយគ្រោះថ្នាក់ចរាចរណ៍នេះ មានការថយចុះ បើប្រៀបធៀបរយៈពេលមួយ សប្តាហ៍ចុងក្រោយ មុនមានការរឹតបន្តឹង អនុវត្តច្បាប់ចរាចរណ៍ផ្លូវ គោកនេះ»។
សម្ដេច អំណរគុណប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួម គោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងកងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធ ទាំងអស់ ដែលបានអនុវត្តភារកិច្ច របស់ខ្លួនបានល្អប្រសើរ។
សម្ដេចថា «ជាពិសេសខ្ញុំ សូមថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ចំពោះបងប្អូនជនរួមជាតិ ដែល បានផ្ញើសារ និងការបញ្ចេញមតិ នៅក្នុងផេកហ្វេសប៊ុករបស់ខ្ញុំផ្ទាល់តែម្តង ដែលសុទ្ធតែ ជាសារ និងមតិប្រកបដោយខ្លឹមសារ ចូលរួមស្ថាបនា និងកែលំអរ»។
សម្ដេចក្រឡាហោម ស ខេង លើកទឹកចិត្តដល់ប្រជាពលរដ្ឋ បន្តចូលរួមផ្តល់ជាមតិយោបល់ ក្នុងន័យស្ថាបនា និងកែលំអរថែមទៀត ដើម្បីបន្តការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកឲ្យកាន់ តែល្អប្រសើរឡើង គឺមានន័យថា អត្រាគ្រោះថ្នាក់ចរាចរណ៍ នឹងកាន់តែថយចុះ ចំនួនអ្នកស្លាប់ កាន់តែតិច សណ្តាប់ធ្នាប់សាធារណៈ កាន់តែមានរបៀបរៀបរយល្អប្រសើរ សមជាប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ជាប្រជាជាតិស៊ីវិល័យ។
យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញផ្សាយកាលពីថ្ងៃទី៨ ឧសភា បានឲ្យដឹងថា ក្នុងរយៈពេល១សប្ដាហ៍កន្លងទៅ សមត្ថកិច្ច នគរបាលចរាចរណ៍ផ្លូវគោក បានត្រួតពិនិត្យឃើញនូវបទល្មើស និងធ្វើការពិន័យចំពោះ យានយន្ដល្មើសច្បាប់ សរុបចំនួន ១៣.៩៦៨ករណី ក្នុងនោះ មានទោចក្រយានយន្ដ និងត្រីចក្រយានយន្ដចំនួន ១០.៨១៥ករណី និង៧៧% និងរថយន្ដគ្រប់ប្រភេទ ចំនួន ៣.១៥៣ករណី ស្មើ នឹង២៣%៕
ដោយ ៖ អេង ប៊ូឆេង