កំពង់ចាម ៖ យ៉ាងហោចណាស់ មានមនុស្ស៣នាក់ ក្នុងចំណោម១១បានបាត់ខ្លួន កាលពីវេលាម៉ោង ១០យប់ថ្ងៃទី ១០ ខែឧសភាឆ្នាំ ២០២០ ក្នុងហេតុការណ៍ទូកអូសយ៉ាងកាវ បានបើកបុកទូក ប្រជាពលរដ្ឋបើកឆ្លងទន្លេ មកពីពិធីមង្គលការ ឆ្ពោះទៅកាន់លំនៅឋាននៅភូមិទី ២ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
មេឃុំកោះសំរោងលោក សន សុខ បានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ មានករណីគ្រោះថ្នាក់ រវាង ទូកអូសយ៉ាំងកាវ បានបុកជាមួយនឹងទូកចាប់គែម របស់ប្រជាពលរដ្ឋ រស់នៅភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀម ដែលបានធ្វើដំណើរឆ្លងមកពី ចូលរួមពិធីមង្គលការ នៅឃុំរំចេកត្រើយម្ខាង មានប្រជាពលរដ្ឋចំនួន ១១ នាក់ជិះលើកូនទូកនោះ ក្នុង គោលដៅវិលត្រឡប់ មកកាន់លំនៅដ្ឋាន នៅកំពង់ក្បាលកោះជ័យ ក៏ត្រូវបានជួបគ្រោះថ្នាក់ទូក អូសយ៉ាំងកាវ បើកបុក នៅចំណុច កណ្ដាលទន្លេ រវាងឃុំរំចេក និងឃុំកោះសំរោង បណ្ដាលឲ្យលិចទូកចាប់គែម របស់ប្រជាពលរដ្ឋ បណ្ដាលឱ្យមនុស្សចំនួន ០៣ នាក់បាត់ខ្លួន និងម្នាក់ទៀតរងរបួស ។
លោកសន សុខ បានឲ្យដឹងទៀតថា មនុស្សទាំង០៣នាក់នោះ ទី១ ឈ្មោះ រិន ជា ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិទី២ (បាត់ខ្លួន) ទី២ ឈ្មោះ ធីម ថាន ភេទប្រុស អាយុ ៥២ឆ្នាំ នៅភូមិទី២ (បាត់ខ្លួន) ទី៣ ឈ្មោះ ឡាង ប៉េងហ៊ត់ ភេទប្រុស អាយុ ៣៣ឆ្នាំនៅភូមិទី២ (បាត់ខ្លួន)
និង ទី ៤ ឈ្មោះ អ៊ាង ធី ភេទប្រុស អាយុ ៤៦ឆ្នាំ នៅភូមិទី២ (រងរបួសជើងឆ្វេង)។
លោកមេឃុំកោះសំរោង បានបញ្ជាក់ថា ក្រោយកើតហេតុ ភាគីខាងទូកយ៉ាងកាវ បានរត់គេចខ្លួនបាត់ ។ ដោយឡែកចំពោះមនុស្ស ដែលបានបាត់ខ្លួន ០៣ នាក់ មកដល់ត្រឹមម៉ោង១០ ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០ នេះ មិនទាន់រកឃើញនៅឡើយទេ ៕
![](https://dap-news.com/wp-content/uploads/2020/05/that-0202-2.jpg)
![](https://dap-news.com/wp-content/uploads/2020/05/that-0203.jpg)
![](https://dap-news.com/wp-content/uploads/2020/05/that-0204.jpg)
![](https://dap-news.com/wp-content/uploads/2020/05/that-0205.jpg)
![](https://dap-news.com/wp-content/uploads/2020/05/that-0206.jpg)
![](https://dap-news.com/wp-content/uploads/2020/05/that-0207.jpg)
![](https://dap-news.com/wp-content/uploads/2020/05/that-0201.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)