ព័ត៌មានជាតិ

ទស្សនៈ និង មតិ៖ក្រុមហ៊ុន ហាន់ ស៊ីង បំផើមគម្រោងផ្លូវជាតិលេខ៥ របស់ចៃកា ប្រវែងជាង៥០ គីឡូម៉ែត្រ ចាប់ពីពន្លៃដល់ក្រគរ

ភ្នំពេញ៖ ក្រុមហ៊ុន ហាន់សុីង(HanShin)ដែលម៉ៅការសាងសង់ ផ្លូវជាតិលេខ៥ មិនត្រឹមតែធ្វើផ្លូវគ្មានគុណភាព និងស្តង់ដារបច្ចេកទេសនោះទេ ប៉ុន្តែថែមទាំងបានបំផើម គម្រោងផ្លូវជាតិលេខ៥ របស់ចៃកា ប្រវែងជាង៥០គីឡូម៉ែត្រ ចាប់ពីឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដល់ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្រុមហ៊ុន ហាន់សុីង(HanShin) បានដេញថ្លៃសាងសង់ផ្លូវជាតិ៥ ក្នុងចម្ងាយប្រមាណជាង៥១គីឡូម៉ែត្រ ពីខេត្តកំពង់ឆ្នាំង មកដល់ម្តុំចំណុចធ្លារម្អម ទឹកដីខេត្តពោធិ៍សាត់ ប៉ុន្តែការសាងសង់ហាក់មានដំណើរការ រអាក់រអួល ដោយបន្សល់ទុកឲ្យ ផ្លូវរងការខូចខាត កាន់តែធ្ងន់ធ្ងរទៅៗ។ ក្រុមហ៊ុនហាន់សុីង(HanShin)របស់កូរ៉េនេះក៏ធ្លាប់ទទួលម៉ៅការ សាងសង់កំណាត់ផ្លូវជាតិ២១ ពីក្រុងតាខ្មៅទៅជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ព្រំដែនកម្ពុជា-វៀតណាមនិង កំណាត់ផ្លូវជាតិលេខ៣ ពីភ្នំពេញទៅខេត្តកំពតផងដែរ។

ប៉ុន្តែក្រុមហ៊ុន ហាន់សុីង(HanShin) ដែលជាប់ក្នុងបញ្ជីខ្មៅ របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ធ្វើផ្លូវគ្មានគុណភាព និងកេងចំណេញបច្ចេកទេស ងាយស្រុត ប្រេះ ផុង ខូចជាសំបុកមាន់ ជាបន្តបន្ទាប់ទទួលរងការរិះគន់ យ៉ាងចាស់ដៃពីសំណាក់ ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាម កំណាត់ផ្លូវខាងលើ បានសម្ដែងការមិនសប្បាយចិត្ត និងរអ៊ូរទាំយ៉ាងខ្លាំង ដោយសារតែ ពិបាកធ្វើដំណើរទៅមក ស្របពេលរដូវវស្សា កាន់តែខិតជិតមកដល់ ដូច្នេះប្រជាពលរដ្ឋសំណូមពរ ឲ្យក្រសួងសាធារណការនិងដឹកជញ្ជូន មេត្តាចុះពិនិត្យមើល ក្រុមហ៊ុនទទួលម៉ៅការ សាងសង់កំណាត់ផ្លូវជាតិលេខ៥ ក្នុងចម្ងាយប្រមាណជាង ៥១គីឡូម៉ែត្រ ពីខេត្តកំពង់ឆ្នាំង មកដល់ម្តុំ ចំណុចធ្លារម្អម ទឹកដីខេត្តពោធិ៍សាត់ ផងដើម្បីឲ្យការស្ថាបនា ឆាប់បានរួចរាល់តាមការគ្រោងទុក និងបានប្រជាពលរដ្ឋ ងាយស្រួលក្នុងការ ធ្វើដំណើរផងដែរ។

សូមរំលឹកថាលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានព្រមានដល់ក្រុមហ៊ុន សាងសង់ផ្លូវ ថ្នល់បើសាងសង់មិនស្របតាមស្ដង់ដារលក្ខណៈ បច្ចេកទេស នឹងដាក់ឈ្មោះក្នុងបញ្ជីខ្មៅ កុំឲ្យដាក់ដេញថ្លៃ សាងសង់ផ្លូវដទៃទៀត។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានរំលឹកថា ក្រសួងមិនអនុញ្ញាតឲ្យមានការចាក់ស្តើងស៊ីក្រាស់ ឬ ចាក់ក្រាស់ស៊ីស្តើងទៀតទេ។
លោក មានប្រសាសន៍ថា «ក្រុមហ៊ុនសាងសង់ណា ដែលរកឃើញថា ធ្វើផ្លូវមិនស្របតាមស្តង់ ដារលក្ខណៈបច្ចេកទេស នឹងទទួលពិន័យ និងព្រមាន ឬដាក់ឈ្មោះក្នុងបញ្ជីខ្មៅ»។

សូមជម្រាបថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ដែលស្ថិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA) គ្រោងចំណាយថវិកាប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក។

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥នេះ ការងារស្ថាបនាត្រូវបានបែងចែកជា ៣ផ្នែកធំៗរួមមានគឺ ផ្នែកខាងជើង ផ្នែកខាងត្បូង និងផ្នែកកណ្តាល ក្នុងនោះមានការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ មានប្រវែងសរុប ៣០៤គីឡូម៉ែត្រ ក្រាលជំនួសដោយកៅស៊ូ AC ដោយមានសួរច្បារនៅចំកណ្តាល៕

To Top