ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចបង្កើតគណៈកម្មការដឹក នាំយុទ្ធនា ការដោះស្រាយការកកស្ទះ សំណុំរឿងនៅតាមសាលាដំបូង រាជធានី -ខេត្ត (គ.យ.ក.ស.)ដែលមាន លោកកើត រិទ្ធ ជាប្រធានដឹកនាំរួម ។
យោងតាមសេចក្ដីសម្រេចរបស់ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២០ គណៈកម្មការ គ.យ.ក.ស មានភារកិច្ច ដូចជា ៖
ទី១-ដឹកនាំ និងសម្របសម្រួលការងាររួមលើការអនុវត្ត យុទ្ធនាការ ដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូង និងអយ្យការ អមសាលាដំបូងរាជធានី ខេត្ត។
ទី២-ដាក់ចេញនូវគោលការណ៍ណែនាំ វិធាននានា និងផែនការសកម្មភាព ចាំបាច់ដើម្បីអនុវត្តយុទ្ធនាការ ឲ្យមានប្រសិទ្ធភាព សំដៅរួមចំណែក លើកម្ពស់ សមត្ថភាព ស្ថាប័ន ក្នុងការបម្រើ សេវាយុត្តិធម៌ឲ្យបានល្អប្រសើរ ក៏ដូចជារួមចំណែកកាត់បន្ថយភាពចង្អៀតណែននៅពន្ធនាគារ។
ទី៣-ដាក់ចេញនូវដំណោះស្រាយបញ្ហាប្រឈម នានាដែលកើតចេញពីការអនុវត្តយុទ្ធនាការ និងទី៤-តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តយុទ្ធនាការ ៕
ដោយ ៖ អេង ប៊ូឆេង