ព័ត៌មានជាតិ

ពលរដ្ឋនាំគ្នា ដុតទីស្នាក់ការប៉ុស្តិ៍ ឧទ្យានជាតិវរៈជ័យ នៅស្រុកតាវែង ខេត្តរតនគិរី

ភ្នំពេញ៖ទីស្នាក់ការប៉ុស្តិ៍ឧទ្យានជាតិ វរៈជ័យ ចំនួន២ខ្នង ត្រង់ចំណុចអូរឡាប៉ង ស្ថិតក្នុងភូមិតាបូក ឃុំតាវែង លើស្រុកតាវែង ខេត្តរតនគិរីត្រូវបាន ប្រជាពលរដ្ឋចំនួន៧៥នាក់ លើកគ្នាសម្រុក ទៅដុតបំផ្លាញចោល ឆេះខ្ទេចខ្ទីអស់ ។

ករណីនេះបានកើតឡើង កាលពីវេលា ម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ។ នេះបើតាមការផ្សព្វផ្សាយ ក្នុងហ្វេសប៊ុក លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ការដុតបំផ្លាញដោយសារ ពលរដ្ឋមានគំនុំ ជាមួយមន្ត្រីឧទ្យាននុរក្ស ។

របាយការណ៍របស់លោក ស៊ូ វណ្ណធិន អភិបាលស្រុកតាវែង រៀបរាប់ថា កាលពីថ្ងៃ ៩ ឧសភា កម្លាំងឧទ្យានុរក្ស សហការជាមួយកម្លាំង អធិការនគរបាល ស្រុកតាវែង និងកម្លាំងប៉ុស្តិ៍ នគរបារដ្ឋបាល ឃុំតាវែងលើ ចុះទៅពិនិត្យទីតាំងប្រជាពលរដ្ឋ កាប់ដីចំការ ក្នុងតំបន់ច្រករបៀង ដែលគ្រប់គ្រង ដោយក្រសួងបរិ ស្ថានដើម្បីស្រង់ស្ថិតិពលរដ្ឋ ដែលបានរុករាន ដី-ព្រៃ នៅក្នុងតំបន់ឧទ្យានជាតិ វីរៈជ័យ ហើយដែលកន្លងមក ធ្លាប់បានធ្វើការអប់រំណែនាំ និងបានធ្វើកិច្ចសន្យា រវាងមន្ត្រីឧទ្យានុរក្ស និងពលរដ្ឋទាំងនោះថា មិនអនុញ្ញាតឲ្យពួកគាត់ កាប់រានតទៅទៀតទេ និងឲ្យពួកគាត់រុះរើខ្ទម របស់ពួកគាត់ទាំងអស់ ចេញពីតំបន់អភិរក្ស ។

លោកថា ប៉ុន្តែនៅពេលក្រុមឧទ្យានុរក្ស ចុះទៅពិនិត្យមើលម្តងទៀត ឃើញខ្ទមទាំងនោះមិនបាន រុះរើ ឯម្ចាស់ ខ្ទមក៏មិននៅ ទើបក្រុមការងារ ឧទ្យានុរក្សក៏ដុតខ្ទមចំការ ធ្វើអំពីឈើប្រក់តង់កៅស៊ូអស់ ចំនួន២ខ្ទម ឯចំណែកខ្ទម២ទៀត មានម្ចាស់ នៅក្រុមការងារ ក៏បាន ប្រាប់ឲ្យម្ចាស់ខ្ទមចំការរុះរើ ដោយខ្លួនឯងហើយព្រមទាំងដកហូត បានរណារយន្តពីពលរដ្ឋ ដែលកំពុងផែឈើធ្វើខ្ទមចំនួន២គ្រឿង យកមករក្សាទុក នៅទីស្នាក់ការ ឧទ្យានជាតិវីរៈជ័យស្រុកតាវែងផងដែរ។

របាយការណ៍បន្តថា ដោយសារតែមានគំនុំជាមួយមន្ត្រីឧទ្យាននុរក្ស ទើបពួកគេគៀរគរគ្នាជិត៧៥នាក់ មកដុតបំផ្លាញទីស្នាក់ការ ឧទ្យានជាតិវរៈជ័យ នោះចោលតែម្តង។ សម្ភារៈខូចខាតរួមមាន៖ អង្ករចំនួន១បេ, ឆ្នាំងចំនួន៦, អង្រឹងចំនួន៤, អាគុយចំនួន១, កានដាក់ទឹកចំនួន៣, ក្តារងឿប្រភេទឈើកកោះចំនួន២សន្លឹក។

ទាក់ទងនឹងសកម្មភាពពលរដ្ឋលើកគ្នា មកដុតបំផ្លាញទីស្នាក់ការចោលខាងលើនេះដែរ លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថាន ខេត្តរតនគិរី បានដឹងដែរថា ពួកគាត់លើកគ្នាមកដុតបំផ្លាញ ទ្រព្យសម្បត្តិរដ្ឋ ត្រូវតែប្រឈមមុខ ចំពោះមុខច្បាប់។

លោកថា ឥឡូវនេះកំណត់មុខ សញ្ញាមេខ្លោងបានហើយ កំពុងតែរៀបចំឯកសារបញ្ជូន ទៅសាលាដំបូងខេត្តរតនគិរី ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

To Top